បឹងកេតស្មើជាមួយវិសាខា ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

ក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាល ២០១៩ រក្សាបានត្រឹមលទ្ធផលស្មើគ្នា ១ទល់១ ជាមួយក្រុម វិសាខា នៅក្នុងការប្រកួតកាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ លើកទី១៤ រដូវកាល ២០២០។

ក្រុមភ្ញៀវ វិសាខាបានបើកការនាំមុខ១គ្រាប់មុន នៅនាទីទី៥៤ ដោយកីឡាករ កែវ សុខផេង រីឯ១គ្រាប់តាមស្មើរបស់ម្ចាស់ផ្ទះបឹងកេតរកបានដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី៧៨។ ចំពោះប្រកួតផ្សេងទៀត នៅវគ្គ​​ក្រុមចុងក្រោយជើងទី១នេះដែរ រួមមាន៖ ភ្នំពេញក្រោន យកឈ្នះគិរីវង់សុខសែនជ័យ ខណៈណាហ្គាវើលស្មើជាមួយព្រះខ័នរាជស្វាយរៀង ២ទល់២ ហើយក្រុមកងយោធពលខេមរភូមិន្ទយកឈ្នះក្រុមជើងឯកថ្នាក់ខេត្ត ក្រុមជម្រើសខេត្តព្រៃវែង ដោយលទ្ធផល ១ទល់០។ ៤ប្រកួតនេះនឹងត្រូវបន្តការប្រកួត នៅជើងទី២ទៀត ដើម្បីកាត់សេចក្តីថាតើ៤ក្រុមខ្លាំង ៗណាខ្លះបន្តកក់កៅអីសម្រាប់វគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកចេញជាពីរថ្នាក់ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែល៤ក្រុមជ័យលាភីថ្នាក់ខេត្តបានឡើងមកប្រកួតជាមួយក្រុមក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ដោយប្រើប្រាស់កីឡាករខ្មែរសុទ្ធសាធមិនអនុញ្ញាតឱ្យមានកីឡាករបរទេសនោះឡើយ៕

ដោយ ហេង ណាលីន