លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនស្គរជ័យ និងគងជ័យ ដល់ព្រះសង្ឃគង់នៅវត្តភ្នំសំបុក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ

AKP ខេត្តក្រចេះ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន ប្រគេនស្គរជ័យ និងគងជ័យ ដែលជាអំណោយរបស់លោក យិន សារ៉ាន់ អគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី អ៊ាន អេឡែន ដល់ព្រះសង្ឃគង់នៅវត្តសំបុក និងថ្វាយគ្រឿងសក្ការៈ បួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៣២០គ្រួសារ នៅឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ខែសីហា ឆ្នាំ២០២០ ។

​ក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចទាំងទ្វេតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោកជំទាវ បានបន្តទៀតថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជាគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

ជាពិសេសការដាក់ឱ្យអនុវត្តន៍នូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ អំឡុងពេលដែលមេរោគកូវីដ-១៩ បាននិងកំពុងរាតត្បាតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ២៥លាននាក់ និងស្លាប់ជាង ៨៤ម៉ឺននាក់។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែចុះតាមដានដល់មូលដ្ឋានផ្ទាល់ ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលក្រីក្រ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល ក៏ដូចជំនួយសប្បុរសធម៌ជូនដល់ពួកគាត់ភ្លាមៗតែម្ដង ។ ពីព្រោះរាជរដ្ឋាភិបាលមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ ហើយក៏មិនទុកឱ្យពួកគាត់នៅឯកាឡើយ។ ជាពិសេសការដាក់ឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ ជុំទី២ លើកទី១ របស់រាជរដ្ឋាភិបាល។

លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព។ គោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាត​សង្គម រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យមើលឱ្យបានហ្មត់ ចត់ក្នុងការកំណត់អត្តសញ្ញាណគ្រួសារ ក្រ១ និងក្រ២ ដើម្បីបានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងដំណាក់កាលកូវីដ-១៩ ៕ ដោយ៖សួស សំរិត