ឯកឧត្តម គន់ គីម អញ្ជើញចូលរួមវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងគ្រោះមហន្តរាយរបស់កងពលធំ អន្តរាគមន៍លេខ៣

AKP ព្រះវិហារ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ជំនាញគ្រប់ គ្រងគ្រោះមហន្តរាយរបស់កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ជាច្រើនរូបនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានឱ្យដឹងថា វគ្គហ្វឹក ហ្វឺននេះមានសិក្ខាកាមសរុប១១៥នាក់ ក្នុងនោះកងពលធំអន្តរាគមន៍លេខ៣ ចំនួន២៥នាក់ កងពលតូច៧, ៨, ៩ ក្នុងមួយកងពលតូចចំនួន២៥នាក់ និងមកពីភូមិភាគ៤ចំនួន១៥នាក់។ វគ្គ ហ្វឹកហ្វឺនពិតជាមានសារៈសំខាន់បំផុតចំពោះនាយទាហាន ពលទាហាន ក្នុងការងារបច្ចេក ទេស គ្រប់គ្រងបច្ចេកទេស សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស សត្វ ការពារទ្រព្យសម្បត្តិផ្សេង ៗ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ នាពេលបច្ចុប្បន្ន និងទៅអនា គត ។

ឯកឧត្តម គន់ គីម មានប្រសាសន៍ក្រើនរម្លឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាម ទារឱ្យមានការតាំងចិត្តខ្ពស់បំផុត សម្រាប់អ្នកប្រតិបត្តិការសង្គ្រោះជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុតដែលអ្នកសង្គ្រោះ ទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឱ្យសិក្ខាកាមទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះ ជំនាញពីគ្រូបង្គោលក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីពង្រឹងសមត្ថភាពសង្គ្រោះព្រោះការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏បានជះឥទ្ធិពលមិនល្អដល់កម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែជួបនូវគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម ហើយពេលនេះមានជំងឺកូវីដ-១៩ កំពុងរាត ត្បាតក្នុងពិភពលោក ព្រមទាំងប្រទេសយើងផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បាននាំយកនូវអង្ករចំនួន១០តោន និងត្រីខ ចំនួន១តោន ប្រគល់ជូន កងពលធំអន្តរាគមន៍លេខ៣ផងដែរ ៕ ដោយ ទិត ស្រ៊