អាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្តើមប្រមូលផលស្រូវពីស្រែសង្គម ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត

AKP សៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០–

អាជ្ញាធរស្រុកបន្ទាយស្រីនៅ ថ្ងៃ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ បានចាប់ផ្តើមប្រមូលផលស្រូវពីស្រែសង្គម ដែលអាជ្ញាធរបានធ្វើចំនួន៤០ហិកតា ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្រាប់ការប្រមូលផលថ្ងៃដំបូងនេះ គឺមានផ្ទៃដី១០ហិកតា។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ស្រែសង្គមដែលអាជ្ញាធរបានធ្វើនៅជុំទី១នេះ គឺទទួលបានផលល្អប្រសើរ ដោយក្នុងមួយហិកតាទទួលបានផលស្រូវពី ២តោនកន្លះ ទៅ៣តោន សរុបទាំង៤០ហិកតា គឺទទួលបានប្រមាណជា ១០០តោន ហើយបើកិនទៅជាអង្ករ គឺបានប្រមាណ៥០តោន។

លោកបន្តថា សម្រាប់ផលស្រូវដែលយើងទទួលនេះ ជាដំបូង គឺទូទាត់ជូនម្ចាស់ស្រែដែលបានផ្តល់ស្រែឱ្យអាជ្ញាធរធ្វើ ទៅតាមកិច្ចសន្យារវាងរដ្ឋបាលស្រុកនិងម្ចាស់ស្រែ។ បន្ទាប់មកអាជ្ញាធរ នឹងកិនទៅជាអង្ករសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងស្រុកបន្ទាយស្រីនេះប្រមាណជា ២.០០០គ្រួសារ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយសារតែស្រែសង្គមជុំទី១នេះទទួលបានទិន្នផលល្អ អាជ្ញាធរស្រុក នឹងបន្តធ្វើជុំទី២ទៀត ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២១ ដើម្បីធ្វើយ៉ាងណាកៀរគរឱ្យបានជាស្រូវ ជាអង្ករឱ្យបានច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រ១ក្រ២ នៅក្នុងស្រុកបន្ទាយស្រីនេះ។

លោកអភិបាលស្រុកក៏ បានថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសសប្បុរសជនដែលបានជួយឧបត្ថម ធ្វើឱ្យស្រែសង្គមនេះទទួលបានផលល្អប្រសើរ ៕ ដោយ៖ ឃុត សៅ