ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញសម្ពោធប្រព័ន្ធប្រព្រឹត្តិកម្មផលិតទឹកស្អាត ភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតតេជោសែន

AKP បាត់ដំបង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃ១២កើត ខែភទ្របទ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោ សែន ភ្នំវាលចាប ខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹនាំមន្ទីរ មន្ត្រីរាជការ កងទ័ព គ្រួសារកងទ័ព និងកម្លាំងទីលានហ្វឹកហ្វឺន សរុបប្រមាណជាង ៤៦១នាក់ផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា ទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោ សែន កន្លងមកនៅក្នុងសម័យខ្មែរឥស្សរៈគឺជាតំបន់លាក់ខ្លួនរបស់កម្លាំងចលនាតស៊ូគ្រប់ជំនាន់ប្រឆាំងជាមួយកម្លាំងរាជរដ្ឋាភិបាល ហើយក៏ជាតំបន់អនុវត្តន៍គោលនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយតំបន់នេះទៅជាទីលានសម្រាប់ហ្វឹកហ្វឺនបណ្តុះ បណ្តាលធនធានមនុស្សខាងវិស័យយោធា គួបផ្សំនឹងការបាញ់គ្រាប់ពិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យដំណើររោងចក្រផលិតទឹកស្អាតភ្នំវាលចាប នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតតេជោសែន ភ្នំវាលចាបនាពេលនេះ ដោយមានការយកចិត្តទុកដាក់អំពីសុខភាពរបស់យុទ្ធជន និង ពលទាហាន ដែលកំពុងឈរជើងការពារព្រំដែន និងជួយស្វែងរកសុខសន្តិភាពជូនប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ យើងខ្ញុំជាមន្ត្រីរាជការ និងជាកម្លាំងជួរក្រោយ សូមធ្វើការកោតសរសើរចំពោះភក្តីភាព ដ៏អង់អាចក្លាហានរបស់ពលទាហាន នាយទាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ ។

នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានឧបត្ថម្ភបន្ថែមតាមសំណូមពរនូវម៉ាស៊ីនភ្លើងកម្លាំង ៤៥គីឡូវ៉ាត់ចំនួន ១គ្រឿង សម្រាប់ប្រើប្រាស់ឱ្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត និងឧបត្ថម្ភផ្ទះចំនួន ១ខ្នង ទំហំ ៥ គុណ ៨ម៉ែត្រ សម្រាប់កងការពារស្នាក់នៅ និងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួនចែកជូនដល់គ្រួសារកងទ័ព និងពលទាហាននាឱកាសផងដែរ។

សូមជម្រាបជូនដែរថា រោងចក្រផលិតទឹកស្អាត ភ្នំវាលចាបនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ តាមរយៈក្រុមហ៊ុន ម៉ៃក្រូ ភូរីហ្វីខេសិន សៀងហៃ ដែលមានតម្លៃប្រមាណជិត ២ម៉ឺនដុល្លារអាម៉េរិក សម្រាប់ពលទាហាន នាយទាហាន ប្រើប្រាស់នៅក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោ សែន នេះ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)