ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡា បណ្តុះបណ្តាលស្តីពីការអនុវត្តវិធាន​សុវត្ថិភាព​អនាម័យចំណីអាហារនិងបដិសណ្ឋារកិច្ចដល់អាជីវករ នៅខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡា បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តវិធានសុវត្ថិភាព  អនាម័យចំណីអាហារ  និងបដិសណ្ឋារកិច្ច» ដល់អាជីវករលក់​ដូរ​តាមផ្លូវប្រមាណ១០០នាក់ នៅ​ក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ការយល់ដឹង និងចូល​រួមថែរក្សាបរិស្ថានស្អាត  និងអនាម័យល្អ ជាពិសេការទុកដាក់ វេចខ្ចប់សំរាមឱ្យបាន​ត្រឹម​ត្រូវ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាល​ប្រជុំសាលា​ខេត្តកំពង់ធំ  ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍បានមានប្រសាសន៍​ថ្លែងអំណរ​គុណ​ចំពោះក្រុម​ហ៊ុនកូកា-កូឡាកម្ពុជាដែលបានផ្តល់ធុងសំរាមកែច្នៃពីឈើបាលែត (Pallet)ចំនួន១០០ធុង និងធុងសំរាមជ័រចំនួន២០០ធុង ដល់រដ្ឋបាលខេត្តកំពង់ធំ ជាពិសេស​ ក្រុមហ៊ុនតែងតែជួយ​គាំទ្រ​ការងារបរិស្ថាន និងទីក្រុងស្អាត។ ឯកឧត្ដមក៏បានសំណូរពរឱ្យ​ក្រុម​ហ៊ុននៅតែ​បន្ត​ជួយ​ការងារទាំងនេះទៀតដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ឆ្ពោះទៅ​ស៊ីហ្គេម ២០២៣។

លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈ​ប្រចាំ​ប្រទេសកម្ពុជានៃក្រុមហ៊ុនកូកា-កូឡា  បានថ្លែងថា សកម្មភាពនាថ្ងៃនេះ គ្រាន់តែជាការ​ចាប់​ផ្តើមមួយក្នុងជំហ៊ានដំបូង ដោយយើងនឹងមិនបញ្ឈប់ត្រឹមតែសកម្មភាពប៉ុណ្ណេះទេ។  លោកបានបញ្ជាក់ថា “ក្រោមសក្តានុពលនៃកិច្ចសហការដ៏រឹងមាំមួយនេះ  ក្រុមហ៊ុនប្តេជ្ញា​ថា​នឹងចូលរួមសហការ និងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន  ដើម្បីចូលរួម​អភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា”។ លោកបានបន្ដថា វគ្គបណ្តុះបណ្តាលនេះ  ត្រូវ​បាន​ឡើង  មិនត្រឹមតែក្នុងគោលបំណងបញ្ជ្រាបការ​យល់​​​ដឹង​ពីវិធានសុវត្ថិភាព អនាម័យ និងសេវាកម្មចំណីអាហារ  ក្នុងអំឡុងពេលដ៏លំបាក​ដែលបង្កដោយវីរុសកូវីដ-១៩ ប៉ុណ្ណោះ​ទេ  តែក៏ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាព​សហ​គ្រិនភាពជាស្ត្រីក្នុងព្រះរាជាណា​ចក្រ​កម្ពុជា ក៏ដូចជាជាកិច្ចចូលរួមជំរុញចរន្តទេស​ចរណ៍​នៅកម្ពុជា ក្នុងអំឡុងពេលដែលសេដ្ឋ​កិច្ចកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា  តាមរយៈកិច្ចសហការដ៏ស្អិតរមួតជាមួយក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡា  បានផ្ដល់ធុងសំរាមសម្រាប់បែងចែក ដែលកែច្នៃពីឈើប៉ាឡែត​ប្រើ​ប្រាស់រួច ចំនួន ១០០ ធុង  ត្រូវបានធ្វើពិធីប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរ​ទេស​ចរណ៍ខេត្ត ដើម្បីដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរមណីយដ្ឋានទេស​ចរណ៍នានា​ក្នុងខេត្ត​កំពង់ធំ។  សកម្មភាពនេះ តម្រង់ទៅរកទិសដៅរបស់ក្រុមហ៊ុនកូកា-កូឡា ដែលកំពុងព្យា​យាម​ធ្វើគ្រប់សកម្មភាពដើម្បីសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣០ នូវ​គោលដៅ «ប្រមូលកែ​ច្នៃ» ឱ្យបាន ៥០ភាគរយ នៃចំនួនសំបកវេចខ្ចប់សរុបដែល​បានលក់​លើទីផ្សារ។

លោក រស់ សោភា បានបញ្ជាក់ថា នេះគឺជាសាក្ខីភាពនៃការសម្រេចបាន​នូវមួយ​ជំហ៊ានទៀត ចំពោះគោលដៅរបស់យើង  ក្នុងឆ្នាំ២០២០នេះ យើងបានចេញលក់​ទឹក​ពិសារ​ដាសានីចំណុះ ៣៥០ មីលីលីត្រ  ដែលសំបកដបវេចខ្ចប់ទឹកពិសានេះ  ផលិតពី​ប្លាស្ទិក​​ដែល​បានកែច្នៃរួច ១០០ភាគរយ ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារ​អូស្ត្រាលី និងកាណាដា។ លោកបានបន្ថែមថា “ក្រុមហ៊ុនពិតជាចង់ឃើញការបើក​ដំណើរ​ការអាជីវកម្មលើវិស័យសេវាកម្មទេសចរណ៍ ឱ្យមានភាពទាក់ទាញដើម្បីចូលរួមប្រកួត​ប្រជែង​ក្នុងតំបន់ និងអន្តរជាតិ  ជាពិសេសអនាម័យ និងសុវត្ថិភាពចំណីអាហារ​នាពេល​នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរួមចំណែកការលើកកម្ពស់វិស័យទេស​ចរណ៍ និង ការពារហានិភ័យពីការឆ្លងជម្ងឺរលាកផ្លូវដង្ហើម កូវីដ-១៩”៕

ដោយ រិទ្ធី