រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការផលិតគំនូរជីវចលបែប Animation ត្រូវរកនូវអ្វីដែលខ្លី ហើយកុំឱ្យអ្នកមើលគេស្មាននៅពេលមើលចប់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

ឯកឧត្ដម ​ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានផ្ដល់ការណែនាំសម្រាប់ក្មួយៗ​ទាំង​អស់ជាបេក្ខជន បេក្ខនារីដែលធ្វើការផលិតគំនូរជីវចលបែប Animation ត្រូវរក​នូវអ្វី​​ដែលខ្លី ហើយកុំឱ្យអ្នកមើលគេស្មាន ព្រោះការធ្វើ Animation គឺខ្លី មិនមែនជារឿងប្រលោមលោក ឬរឿងស៊ើបអង្កេតនោះទេ ត្រូវបញ្ជាក់ថារឿងនោះជាអ្វីនៅពេលចប់។ ​ការលើកឡើង​របស់​ឯកឧត្ដមរដ្ឋមន្រ្ដីនេះធ្វើឡើង ក្នុងកម្មវិធីប្រកួតប្រជែងគំនូរជីវចលថ្នាក់ជាតិលើកទី៧ ឆ្នាំ ២០២០ 7th Cambodia DigiCon6 ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិ​កម្ពុជា នាព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការរីករាយ ដែល​ឃើញ​មានបេក្ខជន បេក្ខនារី ចូលរួមច្រើនជាងមុន ពិសេសមានគ្រប់វ័យថែម​ទៀត​ផងដែរ ដែលជាការបង្ហាញពីភាពរីកចម្រើន និងមានសមត្ថភាពយល់ដឹងរបស់យុវជនខ្មែរ ទាំង​ផ្នែក​ចិត្តវិទ្យា សង្គមវិទ្យា ទាំងបច្ចេកទេស គឺខុសពី ២០ ឆ្នាំមុន។ ឯកឧត្ដមបានកត់សម្គាល់​ឃើញថា នេះបានបង្ហាញកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំនូវរាល់វិញ្ញាសា នៃកម្មវិធីគំនូរ​ជីវចលនេះឡើងដោយទទួលបានការគាំទ្រច្រើន។ ឯកឧត្ដមបានផ្តល់ជាមតិយោបល់ថា នៅពេលអ្នកដែលចេះធ្វើគំនូរជីវចលបែប Animation ច្បាស់លាស់ ហើយល្អ មិនចាំបាច់​វែង​នោះទេ ខ្លី ប៉ុន្ដែមានន័យគ្រប់គ្រាន់ និងធ្វើឱ្យអ្នកមើលយល់បាន។ ដូច្នេះ នៅសម្រាប់​ពេលនេះ នៅពេលដែលគណៈកម្មការផ្តល់ពិន្ទុជ្រើសរើសយក​ស្នាដៃ​របស់​ក្រុមណាខ្លះ​ហើយ​នោះ នឹងយកមកចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជារៀងរាល់ថ្ងៃ ដើម្បី​ជាការអប់រំ ។

​ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងទូរទស្សន៍ជាតិ កម្ពុជាបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤ មក រហូតដល់ពេលនេះ ការប្រកួតប្រជែងគំនូរ ជីវចលនៅកម្ពុជា ត្រូវបានប្រជាពលរដ្ឋកម្ពុជាបានស្គាល់ថា Cambodia Digista Teens កាល​នោះ ទូរទស្សន៍ជាតិកម្ពុជា បានចូលរួមកម្មវិធីនេះ ជាមួយសមាគមប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក ដែលមានឈ្មោះថា ABU Digista Teens ។ ឯកឧត្ដមបានបន្ដថា បន្ទាប់កម្មវិធី ABU Digista Teens បានបញ្ចប់ ទូរទស្សន៍ជាតិកម្ពុជាបានចូលរួមជាមួយរទស្សន៍ជប៉ុន TBS ក្នុង​កម្មវិធី DigoCon6 ជាបន្តទៀត។ ឯកឧត្ដមបានបន្ដទៀតថា នេះគឺជាលើកទី៧ហើយ ដែល​អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធការប្រកួត ប្រជែងគំនូរជីវចលនៅកម្ពុជា ក្រោមប្រធានបទ «ទូទៅតែមានខ្លឹមសារអប់រំសង្គម»។ ឯកឧត្ដមបានលើកឡើងថា ការ​ប្រកួត​ប្រជែងគំនូរជីវចលនៅ​កម្ពុជា គឺក្នុងគោលបំណងផ្តល់ឱកាសដល់សិស្ស និស្សិត​កម្ពុជា ដែលមានចំណូលចិត្ត​ខាងការរចនា កម្មវិធីទូរទស្សន៍តាមប្រព័ន្ធ Digital មកជួបជុំគ្នា បានបង្ហាញនូវស្នាដៃដែលខ្លួនផលិតបាន និងផ្លាស់ប្តូរគំនិត ទស្សនៈ បទពិសោធន៍លើ​​ជំនាញ​នេះ ពីម្នាក់ទៅម្នាក់ និងពីសាលាវិទ្យាស្ថាន និងសាកលវិទ្យាល័យមួយទៅ​សាលា​វិទ្យាស្ថាន និងសាកលវិទ្យាល័យ មួយទៀត ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ទន្ទឹមនេះ ជំរុញ និងលើកកម្ពស់ការផលិតកម្មវិធីទូរទស្សន៍តាមបែបគំនូរជីវចល សម្រាប់កម្មវិធីអប់រំដល់​កុមារ ជាពិសេសគឺការលើកកម្ពស់គុណភាព នៃការផលិតកម្មវិធីទូរទស្សន៍តាមបែប Animation នៅកម្ពុជានាពេលខាងមុខ។

សម្រាប់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងយុវជនវ័យក្មេង ដែលបានចូលរួម​នាឱកាស នេះ គឺមានចំនួន ២១ ក្រុម ស្មើនឹង ៤៣នាក់ ក្នុងនោះបេក្ខនារី ចំនួន ២១នាក់ មកពីស្ថាប័ន សាកលវិទ្យាល័យ សាលា និង ឯកកត្តជនក្នុងរាជធានី និងបណ្តាខេត្ត មួយ​ចំនួនដូចជា៖ ១. ក្រសួងអប់រំ យុវជននិងកីឡា ចំនួន ១ ក្រុម ២. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច១ ក្រុម ៣. សាកលវិទ្យាល័យផារ៉ាហ្គន ១ ក្រុម ៤. សាកលវិទ្យាល័យន័រតុន១ ក្រុម ៥. សាលារៀនខេមអេដ ១ ក្រុម ៦. សាលា​​ជំនាន់​ថ្មី ព្រះស៊ីសុវត្ថិ១ ក្រុម ៧. សាលាE2Stem ១ ក្រុម ៨. សាលារៀនអន្តរទ្វីអាម៉េរិកាំង ១ក្រុម ៩. សាលាបញ្ញាសាស្រ្តអន្តរជាតិ ១ ក្រុម ១០. ហ្វាពន្លឺសិល្បៈ (ខេត្ដបាត់ដំបង) ១ ក្រុម ១១. វិទ្យាល័យទេពប្រណម្យ (ខេត្ដកណ្តាល) ១ ក្រុម ១២. សាលា Future Bright School (ខេត្ដសៀមរាប)១ក្រុម ១៣. សាលាបឋមសិក្សាប៉ាថា(ខេត្ដក្រចេះ)២ក្រុម ១៤. សាលា​បឋមសិក្សាទូរី (ខេត្ដកំពង់ចាម)១ ក្រុម ១៥. អង្គការ Neeson Cripps Academy ២ ក្រុម ១៦. និងឯកកត្តជនផ្សេងៗ ចំនួន ៤ ក្រុម ស្មើនឹង ៨ នាក់ ។

ឯកឧត្ដម ប៉ាង ណាត បានបន្ថែមថា ប្រៀបធៀបកាលពីឆ្នាំ ២០១៩ សង្កេតឃើញ​ថា ចំនួនក្រុមមានការកើនឡើង ចំនួន៨​ក្រុម រីឯចំនួនបេក្ខជនក៏មានកើនឡើង២២នាក់។ នេះបង្ហាញថា ទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែជួបវិបត្តិកូវីដ-១៩ ដែលផ្តល់ការ​លំបាកសម្រាប់ សិស្ស និស្សិត ក្នុងការ ជួបជុំគ្នា ផលិតនិងបង្កើតស្នាដៃគំនូរជីវចល​ក៏ពិត​មែន ប៉ុន្តែវាជាឱ្យកាសក្នុងការយកពេលវេលា ដែលទំនេរពីម៉ោងសិក្សាតាម​ប្រព័ន្ធអន​ឡាញរបស់សាលាខ្លួន មកខិតខំប្រឹងប្រែង ផលិតគំនូរជីវចលនេះ។ ចំពោះបេក្ខជនទាំង​អស់ នៅអាចតែជម្នះឧបសគ្គបាន ដោយផលិតចេញ ជាស្នាដៃល្អៗក្នុងការ មកចូលរួម ឆ្នាំនេះ។ លើសពីនេះ វិសាលភាពនៃបេក្ខជន គឺបានអញ្ជើញមកពីបណ្តាខេត្តនានា ក៏កាន់​តែមានច្រើនផងដែរ ដែលមានដូចជាខេត្តកណ្តាល កំពង់ចាម ក្រចេះ បាត់ដំបង និង​ខេត្ដសៀមរាប។ ឯកឧត្ដមបានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះ ទូរទស្សន៍ជាតិកម្ពុជា​បាន បើកឱកាសទូលាយដល់ អ្នកស្រឡាញ់វិស័យគំនូរជីវចលវ័យក្មេង ដែលបានបញ្ចប់ការ​សិក្សាក៏ដោយ ដើម្បីបានចូលរួមប្រកួតប្រជែងបង្ហាញស្នាដៃបានដែរ។ ចំណែកការប្រកួត​ប្រជែងនេះ គឺផ្ដោតលើរបៀបបីយ៉ាងរួមមាន Stop Motion Animation, 2D Animation និង 3D Animation។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភីកិត្តិយស នៅក្នុងកម្មវិធីនេះតាមរយៈការបោះ​ឆ្នោត​ពីទស្សនិកជន តាមបណ្តាញ Facebook រួមមាន ទី១. ជ័យលាភី ផ្នែកប្រជាប្រិយ​ភាព​បានទៅលើក្រុម KIDOZA ទី២. ជ័យលាភីផ្នែក រូបភាព បានទៅលើក្រុម ទេព រុក្ខ: ទី៣. ជ័យលាភីផ្នែកគំនិត បានទៅលើក្រុម Manga Khmer ទី៤. ជ័យលាភី ផ្នែកសាច់រឿង បាន​ទៅលើក្រុម Long Kimheng ។ ក្នុងមួយក្រុមៗ ទទួលបានប្រកាសនីយបត្រ ១ ប្រាក់រង្វាន់ ៤០ ម៉ឺនរៀល រួមជាមួយការឧបត្តម្ភពីឯកឧត្ដម ខៀវ កាញារីទ្ធ ៤០ ម៉ឺនរៀល និងប្រាក់​ឧបត្តម្ភពីលោកជំទាវ ខៀវ ទេព រង្ស៊ី ២០ម៉ឺនរៀល។ សម្រាប់ជ័យលាភី លេខ១ គឺជាជ័យ​​លាភីប្រចាំឆ្នាំ២០២០ នេះ បានទៅលើក្រុម Color Wheel ដែលបានផលិតរឿង “ថ្ងៃនេះ​សម្រាប់ថ្ងៃស្អែក” ទទួលបានថវិកាពីកម្មវិធី ១លាន ២សែនរៀល ហើយ ខៀវ កាញារីទ្ធ ផ្ដល់បន្ថែមថវិកា ៤០ ម៉ឺនរៀល លោកជំទាវ ខៀវ ទេព រង្ស៊ី ចំនួន ២០ ម៉ឺនរៀល។ សម្រាប់​ជ័យលាភី លេខ ១ នេះក៏នឹងទៅចូលរួម ប្រកួត ប្រជែង កម្មវិធី DigiCon6 Asia នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន នាចុងឆ្នាំនេះ ដែលរៀបចំឡើងដោយ ទូរទស្សន៍TBS ជប៉ុន៕

ដោយ រិទ្ធី
រូបថត៖ ខឹម សុវណ្ណារ៉ា