ឯកឧត្តម ឃួង ស្រេង ប្រាប់ឱ្យមន្ទីរសាធារណការ ដាំដើមធ្នង់ជិត២ពាន់ដើម នៅតាមផ្លូវ២១៧ចាប់ពីផ្លូវចូលមជ្ឈមណ្ឌលជើងឯករហូតដល់រង្វង់មូលកួរស្រូវ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០–

កូនឈើធ្នង់ធំៗ ប្រមាណជិត ២០០០ដើម ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ឱ្យមន្ទីរសាធារណការ រាជធានីភ្នំពេញ យកទៅដាំ នៅតាម បណ្ដោយផ្លូវសង

ខាង ផ្លូវ២១៧ ចាប់ពីផ្លូវចូលមជ្ឈមណ្ឌលជើងឯក រហូតដល់រង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ នៅដើមខែកញ្ញាឆ្នាំ២០២០នេះដើម្បីធ្វើឱ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរហើយការងារនេះត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីជាអ្នកដាំ ដោយសហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋានផងដែរ។

     ឯកឧត្តម ឃួង ស្រេង បានបញ្ជាបែបនេះ ក្នុង កិច្ចប្រជុំមួយជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០នេះ។

    លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោមការដឹកនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺសម្រេចឱ្យអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំ ដោយសហការជាមួយមន្ទីរកសិកម្មនិងអាជ្ញាធរមូលដ្ឋាន ហើយឈើដែលត្រូវដាំ មិនមែនកូនឈើតូចៗនោះទេ ពោលគឺជាប្រភេទកូនឈើធ្នង់ធំៗ ដែលមានទំហំប៉ុនកំភួនជើងប្រមាណពី១៥០០ដើមទៅ២០០០ដើម ដោយ ដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ចាប់ផ្ដើមដាំពីផ្លូវចូលមជ្ឈមណ្ឌលជើងឯក រហូតដល់រង្វង់មូលកួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាល លើចម្ងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។

  ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ចុះណែនាំធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំ នៅមុខផ្ទះរបស់ពួកគាត់ឱ្យបានល្អ។

       សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី០៣មិថុនាកន្លងទៅនេះ ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែសិក្សាឱ្យបានច្បាស់លាស់មុននៃការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរឱ្យបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូឱ្យហើយស្រេច ចៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោកស្តាយ ហើយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានមានប្រសាសន៍លើកឡើង ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនៃការដាំដើមឈើប្រណិតៗនៅតាមបណ្តោយផ្លូវ២១៧នេះផងដែរ ដោយលោកស្រីអះអាងថា ការដាំដើមឈើនេះយើងអាចការពារបាននូវការរំលោភចំណីផ្លូវពីសំណាក់ប្រជាពលរដ្ឋមួយចំនួនផងដែរ ៕

ដោយ សំរិត