កូនឈើប្រណីត៣០០ដើមត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ

AKP  សៀមរាប ថ្ងៃទី២៩ ខែសីហា   ឆ្នាំ២០២០–

 កូនឈើប្រណីតចំនួន៣០០ដើមត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ ដែលស្ថិតនៅក្នុងតំបន់អង្គរ ដែលក្នុងនោះមានកូនឈើគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល៥០ដើម។ ហើយការដាំកូនឈើនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃ១០កើតខែភទ្របទឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ ក្រោមការដឹកនាំពីសំណាក់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា និងមានការចូលរួមដាំដោយព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ១៥០អង្គ-នាក់។

 មានប្រសាសន៍នៅក្នុងពិធីដាំកូនឈើនោះលោក ឡុង កុសល បានឱ្យដឹងថា ការដាំដើមឈើនៅថ្ងៃនេះ គឺដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ ហើយជាពិសេស គឺបណ្តុះគំនិតពុទ្ធបរិស័ទធគ្រប់ស្រទាប់វណ្ណៈឱ្យមានការចូលរួម ស្រលាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញឱ្យផុលផុសបំផុត ដើម្បីថែរក្សាបរិយាកាស រួមទាំងការរស់នៅមានខ្យល់បរិសុទ្ធដល់មនុស្សសត្វផង។ 

 ហើយឆ្លៀតក្នុងឱកាសនោះដែរ លោក ឡុង កុសល ក្នុងនាមអាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់ព្រះសង្ឃ ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិក ដែលបានចូលរួមក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គ។ ហើយអាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ថា សម្រាប់បងប្អូនដែលមានបំណងចង់ដាំកូនឈើឬត្រូវការកូនឈើយកទៅដាំនោះ សូមទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕

ដោយ ហង្ស សៀក