សំណង់ ភោជនីយដ្ឋាន តូបលក់ដូរ និងអគាររដ្ឋ សរុបប្រមាណ១៥០ខ្នង នៅមុខបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

AKP សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០–

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះថា សំណង់ភោជនីយដ្ឋាន អគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍លក់ ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗចំនួនប្រមាណ១៥០ខ្នង ដែលស្ថិតនៅ បរិវេណខាងលិចប្រាសាទអង្គរវត្តរហូតមកដល់ថ្ងៃទី២៨ ខែសីហានេះត្រូវបានរុះរើរួចរាល់ទាំង ស្រុងហើយ ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។

លោកថា កិច្ចការនេះ បានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រចិត្ត និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់ សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃ រមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។

ចំពោះអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ ដូរឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអគារ ទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមាន អនាម័យជាងមុន។

តាមគម្រោងរបស់អាជ្ញាធរជាតិអប្សរា នឹងកែប្រែតំបន់អតីតសំណង់ ដែលរុះរើនេះរៀបចំឱ្យ ក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិន ពិដោរក្រ អូបៗផង ជាការកែប្រែទីនេះឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និង សណ្តាប់ធ្នាប់កាន់ប្រសើរឡើង៕ ដោយ ឃុត សៅ