ឯកឧត្តម លី កុសល បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាអាណត្តិថ្មី ២០២០-២០២៤

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់និងបន្តអាណត្តិថ្មី ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ជាមួយនឹងគោលដៅដ៏ធំចម្បងរបស់ខ្លួនគឺការប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និង​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

មហាសន្និបាតសម្រេចជ្រើសរើសបាននូវសមាសភាពសមាជិកប្រតិបត្តិថ្មី ដោយឯកឧត្តម លី កុសល បន្តការគាំទ្រធ្វើជាប្រធានសហព័ន្ធ, ឯកឧត្តម មាស សារិន អនុប្រធាន, ឯកឧត្តម សុកល សុវណ្ណវិសាល អនុប្រធាន  និងឯកឧត្តម ជាម សុភា ជាអគ្គលេខាធិការ ឯកឧត្តម កែវ រស់ អគ្គ​លេខា​ធិ​ការរង, កញ្ញា គីន សំណាង អគ្គលេខាធិការរង, ឯកឧត្តម ធិន សៅ អគ្គហិរញ្ញឹក រួមទាំងសមាជិកមួយ​ចំនួន​ទៀត សរុបចំនួន៩រូប។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាអាណត្តិថ្មីបានមានប្រសាសន៍ថា នៅក្នុង​អាណត្តិ​ចាស់ ក៏ដូចជាផែនការយុទ្ធសាស្ត្រអាណត្តិថ្មីនេះ សហព័ន្ធមានទិសដៅរបស់ខ្លួនច្បាស់​លាស់ក្នុង​ការ​បណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ក្នុងស្រុក និងអន្តរជាតិ។ អ្វីដែល​សំខាន់នោះ គឺសហព័ន្ធកំពុងសម្រួចគោលដៅឆ្ពោះទៅប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡា​អាស៊ី​អាគ្នេយ៍ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាផែនការជ្រើសរើសអត្ត​ពលិកវ័យក្មេងសម្រាប់បង្វឹកនៅក្នុងស្រុក និងហាត់នៅក្រៅប្រទេសសរយៈពេលវែង ដើម្បីត្រៀមលក្ខណៈ​ដើម្បីឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នំា២០២៣ ឱ្យទទួលបានជោគជ័យ នៅក្នុងការប្រកួតកីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជានេះ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានសហព័ន្ធក៏បានលើកឡើងនូវការបំផុសចលនាផ្សព្វផ្សាយអប់រំ​ចិត្ត​សាស្ត្រនយោបាយកីឡាឱ្យមានស្មារតីមោះមុតហ៊ានលះបង់ខ្ពស់ ដើម្បីឈានទៅរកជ័យជម្នះតាមគោល​ដៅ​ដែល​បានកំណត់។ ទន្ទឹមនេះ ត្រូវពង្រឹងវិន័យ និងក្រមសីលធម៌ដល់គ្រូបង្វឹក អត្តពលិកឱ្យកាន់​តែរឹង​មាំបន្ថែមទៀត ក៏ដូចជាពង្រឹងតួនាទី ភារកិច្ចរបស់ សមាជិកប្រតិបត្តិសហព័ន្ធ ដើម្បីរួមចំណែកនៃការ​គ្រប់​គ្រងដឹកនាំបញ្ជាឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធខ្ពស់។

ឯកឧត្ដមបានបន្ថែមថា សហព័ន្ធកីឡាវាយសីកម្ពុជា​នឹងបន្តជួយជ្រោមជ្រែងដល់បណ្តាក្លឹប សម្ព័ន្ធ​កីឡា​វាយសី ដែលមានភាព ខ្សត់ខ្សោយតាមដែលអាចធ្វើទៅបាន ដោយការបញ្ជូនគ្រូបង្គោលទៅ​បង្វឹក​ទៅ​ដល់ក្លឹប សម្ព័ន្ធដល់ទីកន្លែង ដើម្បីបំផុសឱ្យសកម្មភាពកីឡាវាយសីកាន់តែផុសផុលឡើងជាលំដាប់៕ ដោយ ហេង ណាលីន