កងយោធពលខេមរភូមិន្ទយកឈ្នះខេត្តព្រៃវែង ១-០ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

ក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមជើងឯកថ្នាក់ខេត្ត ក្រុមជម្រើសខេត្តព្រៃវែង ដោយ​លទ្ធផលតឹងតែងបំផុត ១ទល់០ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋានស្តាតចាស់ សម្រាប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។

១គ្រាប់ជ័យជម្នះរបស់កងយោធពលខេរមភូមិន្ទធ្វើសម្រេចដោយកីឡាករ សុខ ហៀង នៅនាទី ១៥ ដោយលទ្ធផលនេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង៩០នាទីតែម្តង។ ក្រុមទាំងពីរ នឹង ត្រូវបន្តជួបគ្នា១ជើងទៀត នៅទឹកដីខេត្តព្រៃវែង ដើម្បីកាត់សេចក្តីថាក្រុមណាមួយបានឡើងទៅកាន់វគ្គ៤ ក្រុមចុងក្រោយ។

ចំពោះ៣ប្រកួតផ្សេងទៀត នៅវគ្គ៨ក្រុមនេះដែរ នឹងត្រូវប្រកួតជើងទី១ នាថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ទី២៩-៣០ ខែសីហា ឆ្នាំ២០២០ ដោយណាហ្គាវើលដ៍ប៉ះព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ប៉ះគិរីវង់សុខសែនជ័យ រីឯក្រុមការពារដំណែងជើងឯកឆ្នាំចាស់ បឹងកេត ប៉ះវិសាខា៕

ដោយ ហេង ណាលីន