រដ្ឋមន្ត្រីក្រសួងផែនការ៖ ការសិក្សានៅប្រទេសជប៉ុន ក្មួយៗត្រូវរក្សាតម្លៃ ឥរិយាបថ និង​ខិត ខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ក្នុងការកសាងគ្រួសារ និងប្រទេសជាតិ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

រដ្ឋមន្រ្ដីក្រសួងផែនការបានលើកឡើងថា ក្នុងកាលៈទេសៈនៃប្រទេស កម្ពុជាកំពុងមាន​សុខ​សន្តិភាព និងអាចគ្រប់គ្រងបាននូវវិបត្តិកូវីដ-១៩ ក្មួយៗពិតជាមាន មោទនភាពចំពោះ​ជាតិ ព្រមទាំងភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ តម្លៃរបស់យើង នឹងមានក្នុងការសិក្សា​នៅប្រទេសជប៉ុន ក្មួយៗត្រូវរក្សាតម្លៃ ឥរិយាបថ ជាពិសេសខិតខំរៀនសូត្របំពេញវិជ្ជា ដើម្បី​ទទួលបានចំណេះដឹង បទពិសោធន៍ល្អៗ ជាទុនក្នុងការកសាងគ្រួសារ និងប្រទេស​ជាតិ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងផែនការ ក្នុងឱកាសអនុញ្ញាតឱ្យយុវជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍​ធន​ធានមនុស្សរបស់ជប៉ុន(JDS) ចំនួន២៤រូប ចូលជួបសម្តែងការគួរសម និងទទួលនូវ​អនុសាសន៍ក្នុង​បទពិសោធន៍ការសិក្សា និងការងារក្នុងការតម្រង់ទិសបន្តការសិក្សា ដើម្បី​ជា​ឧត្តម​ប្រយោជន៍បម្រើជាតិ មាតុភូមិនាពេលអនាគត។ ជំនួបនេះបានធ្វើឡើង កាលពីថ្ងៃ​ព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងផែនការ។ នេះបើយោងតាមក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន បានគូសបញ្ជាក់ថា ជាទស្សនៈ​គិត​គូរដ៏វែងឆ្ងាយ និងមានចែងយ៉ាងច្បាស់ៗក្នុងផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាក្នុងក្រប​ខ័ណ្ឌគោល​ដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា គឺការ​អភិវឌ្ឍ​ធនធាន​មនុស្សជាកត្តាសំខាន់ និងចម្បងទី១ ដើម្បីធានាចីរភាព ធានាសុខសន្តិ​ភាព។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានបន្ដថា ចំពោះក្មួយៗដែលបាន​ទទួល​ជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន(JDS) ចំនួន២៤រូប ដែលសុទ្ធ​តែ​ជា​មន្ត្រីរាជការមកពីក្រសួង ស្ថាប័នផ្សេងៗគ្នានាពេលនេះ គឺពិតជាមានមោទន​ភាព​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនយើងផងដែរ។ ទន្ទឹមនេះ សម្រាប់ក្មួយៗ​ដែលបានចេញទៅសិក្សានៅប្រទេសជប៉ុននាពេលនេះ វាពិតជាឱកាសដ៏ល្អមួយសម្រាប់​ក្មួយៗ ដើម្បីក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ ល្អៗ ដើម្បីយកមកអភិវឌ្ឍន៍ និងបម្រើការងារ​នៅឯក្រសួង ស្ថាប័នរបស់ក្មួយៗវិញ ជាពិសេសប្រាកដជាបានចូលរួមចំណែក​ដ៏សំខាន់​សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន(Human Resource Development Scholarship by Japanese Grant Aid/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជា ក្នុង​ឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS នេះ​នឹង​ចូលរួមគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លើសពីនេះ អាហារូបករណ៍​នេះ ក៏ផ្តោតលើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាពក្នុងវិស័យរាជរដ្ឋាភិបាលកម្ពុជា ដែល​នឹងចូលរួមក្នុងការអនុវត្តផែនការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងអភិបាលកិច្ចល្អ ក្នុង​នាមជាអ្នកដឹកនាំនាពេលអនាគត៕

ដោយ ឡុង ស៊ីវ៉ាន់