រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ

AKP ព្រះវិហារ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ ដោយមានការចូលរួមពីលោក យ៉ុង គឹមហឿង នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងមន្រ្តីជួរក្រោយ នៃអង្គភាព ច្រក ចេញចូលតែមួយសាលាខេត្តជាច្រើនរូបផងដែរ។

លោក យ៉ុង គឹមហឿង មានប្រសាសន៍ណែនាំដល់មន្រ្តីពាក់ព័ន្ធលើការ ប្រើប្រាស់ ប្រព័ន្ធព័ត៌មានថ្មីដែលនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ គឺជាកម្មវិធីកំណែទម្រង់ថ្មីនៅថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃ ដើម្បីពង្រឹង ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានភាពឆាប់រហ័ស និងតម្លាភាព សុក្រឹតភាពជាងមុន ជាពិសេសតាមដាន ត្រួតពិនិត្យលើការកត់ត្រាសេវា ចំណូល ការងារចរន្តឯកសារ និងទិន្នន័យផ្សេងៗប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

លោកបន្តថា លើសពីនេះទៀតកម្មវិធីព័ត៌មានវិទ្យានេះគឺ អាចសម្រួលដល់ ប្រជា ពលរដ្ឋដែលប្រើប្រាស់សេវាតាមអង្គភាពច្រកចេញចូលតែមួយទាំងពាក្យ ស្នើ សុំបូករួម ទាំងតម្លៃសេវាផងដែរ។ ហេតុនេះមន្រ្តីដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាព លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័សទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ ត្រូវខិតខំប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាថ្មីនេះឱ្យមានភាពច្បាស់លាស់ និងសុក្រឹតភាពស្របតាមកម្មវិធីកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ៕

ដោយ ទិត ស្រ៊