ក្រុមហ៊ុនដាវ ដឹខេត បើកវគ្គបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង និងជំនាញធ្វើនំ និងម្ហូបអាហារដល់ស្រ្ដី និងយុវជនចំនួន៣០នាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

ដោយមើលឃើញអំពីតម្រូវការលើជំនាញផ្នែកធ្វើនំ និងម្ហូបអាហារ នាពេលបច្ចុប្បន្ននេះ កំពុងតែមានការពេញនិយម និងឆ្លើយតបទៅនឹងទីផ្សារនោះ ក្រុមហ៊ុន ដាវ ដឹខេត បាន បើកវគ្គបណ្ដុះបណ្ដាល ចែករំលែកនូវចំណេះដឹង និងជំនាញដល់យុវជន និងស្រ្ដីចំនួន ៣០នាក់ ដែលមានចំណង់ចំណូលចិត្តក្នុងការរៀនធ្វើនំ និងម្ហូបអាហារនៅក្នុងប្រទេស កម្ពុជា ខណៈជំនាញរៀនធ្វើនំបែបសម័យទាំងនេះ បាននិងកំពុងចាប់អារម្មណ៍ខ្លាំង។ នេះគឺជាការលើកឡើងរបស់កញ្ញា ម៉ៅ សាលីន ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនដាវ ដឹខេត ក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកវគ្គបណ្តុះបណ្តាលលើកទី៣ ទាក់ទងនឹងរបៀបធ្វើនំរបស់ក្រុមហ៊ុន ដាវ ដឹ ខេត និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ដាវ ដឹខេក ជាមួយក្រុមហ៊ុន Bliss weeding Home photography និង Meter Caterring & Event កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

កញ្ញា ម៉ៅ សាលីន បានបញ្ជាក់ឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលពីរបៀបធ្វើនំនេះក្នុងគោលដៅគឺដើម្បីចែករំលែកពីបទពិសោធន៍ដល់អ្នកចង់ចេះជំនាញធ្វើនំពិតប្រាកដព្រោះថាបើមើលតាមយូធូប គេមិនបានបង្ហាញលម្អិតពីរបៀបធ្វើឱ្យបានច្បាស់លាស់នោះទេ។ កញ្ញាបញ្ជាក់បន្ថែមថា “ពេលនេះខ្ញុំចែករំលែកនូវអ្វីដែលខ្ញុំចេះ ប៉ុន្តែខ្ញុំមិនអាចថាជោគ ជ័យនោះទេ តែខ្ញុំឃើញថាក្មេងស្រីៗ ភាគីច្រើនចូលចិត្តធ្វើម្ហូប និងធ្វើនំ ដោយសិស្ស ដែលបានមកចូលរៀននោះប្រមាណ៨០ភាគរយគឺជាស្រី។ ខ្ញុំសង្ឃឹមថាសាលានំយើងគឺជាថ្នាល បណ្តុះបណ្តាលគ្រប់មជ្ឈដ្ឋាន គ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលចូលរួមខ្ញុំ”។ កញ្ញាបានបន្ដថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាននេះ នឹងធ្វើឱ្យវិស័យធ្វើនំ និងម្ហូបអាហារនេះកាន់តែរីកចម្រើនមិនថា នៅក្នុងស្រុកនោះទេ ប៉ុន្តែវាអាចប្រកូតប្រជែងជាមួយក្រុមហ៊ុននៅក្រៅស្រុកផងដែរ ព្រោះបង្ហាញថាកម្ពុជាក៏អាចធ្វើបាន។
កញ្ញា ម៉ៅ សាលីន បានសង្កត់ធ្ងន់ថា “ខ្ញុំជឿជាក់សាលានំជាកន្លែងមូយដែលចូលរួមចំណែកជួយដល់សង្គម ជាពិសេសទៅលើវិស័យម្ហូបអាហារនៅលើកឆាកអន្តរជាតិ ដោយសារសិក្ខាកាមទាំងអស់ នឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាននូវក្តីស្រមៃរបស់ខ្លួន”។

លោក សុង តេង ប្រធានសមាគមចុងភៅបានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាល នេះគឺដើម្បីផ្តល់ជំនាញដល់អ្នកចង់រៀនសូត្រដែលជាសមាជិករបស់សមាគម និងក្មេង ជំនាន់ក្រោយឱ្យមានចំណេះដឹងជំនាញផ្ទាល់ខ្លួនសម្រាប់អភិវឌ្ឍន៍ខ្លួន និងពង្រឹងសមត្ថ ភាពឱ្យក្លាយជាថ្នាលសម្រាប់ប្រទេសជាតិផងដែរ។ លោកបន្តថា សាលារៀនបានបង្រៀន ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់សិក្ខាកាម ដើម្បីឱ្យពួកគេមានការច្នៃប្រឌិតដោយផ្ទាល់ខ្លួន។ លោកបានបន្ដទៀតថា សម្រាប់ការចូលរួមវគ្គទី៣នេះគឺមានការចួលរួមពីសិស្សប្រមាណ៣០នាក់ ដែលបង្ហាញឱ្យឃើញថាសិស្សចូលចិត្ត និងចាប់អារម្មណ៍លើជំនាញ ធ្វើនំ និងម្ហូបអាហារ ពិសេសចាប់អារម្មណ៍លើសាលាបង្រៀនធ្វើនំតែម្តងក្នុងការធ្វើនំខេក និងនំប៉័ង។

លោកស្រីទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានបង្ហាញនូវក្ដីសង្ឃឹមថា ការបណ្ដុះបណ្ដាល និងបង្រៀនជំនាញធ្វើនំនេះ នឹងជួយដល់ស្ត្រីដែលជាចុងភៅឱ្យមានចំណេះដឹង និងជំនាញកាន់តែច្បាស់លាស់ថែមទៀត ជាពិសេសស្រ្ដីដែលមានជំនាញអាចធ្វើពួកគាត់អាចបើកអាជីវកម្មដោយខ្លួនគាត់បានផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន ដាវ ដឹខេត បានបើកវគ្គបណ្តុះបណ្តាលធ្វើនំ និងម្ហូបអាហារនេះ គឺមានគោលបំណងលើកកម្ពស់វិស័យម្ហូបអាហារនៅកម្ពុជា ព្រមទាំងបានផ្តល់ចំណេះដឹងដល់សិក្ខាកាមដែលចង់សិក្សាជំនាញ ធ្វើនំច្រើនប្រភេទដែលជាជំនាញកំពុងពេញនិយមនាពេលបច្ចុប្បន្ន និងសម្រាប់អ្នកចង់បង្កើតមុខរបផ្ទាល់ខ្លួនស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍៕ ដោយ ប៊ុនរិទ្ធ