ប្រមុខការទូតរបស់ចិនសម្តែងការមន្ទិលសង្ស័យថាប្រទេសចិនអាចមិនមែនជាទីកន្លែងដើមរបស់វីរុសកូវីដ១៩ទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.០៨.២០)

ន័រវ៉េ៖ ទូរទស្សន៍បរទេសដែលផ្សាយនៅថ្ងៃសុក្រទី ២៨ ខែ សីហា នេះ បានរាយការណ៍ថា  រដ្ឋមន្រ្តីការបរទសរបស់ប្រទេសចិន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែ​សីហា  ថា គេមិនប្រាកដថាប្រទេសចិនគឺជាទីកន្លែងដើមកំណើតនៃវីរុសកូវីដ១៩នោះទេ ។

លោករដ្ឋមន្ត្រីការបរទេសបានថ្លែងបែបនេះ ក្នុងពេលលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសន័រវ៉េ  ដោយលោកបានបញ្ជាក់ថា បើទោះជាប្រទេសចិនគឺជាប្រទេសទីមួយដែលបានរាយការណ៍ឲ្យដឹងពីការកកើតនូវវីរុសនេះ  ក៏ពិតមែន  ក៏មិនអាចមានន័យថា​  វីរុសនោះកើតចេញដំបូងពីប្រទេសចិននោះដែរ ។

លោករដ្ឋមន្ត្រីការបរទេសរបស់ចិនបានបញ្ជាក់ទៀតថា  ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ  មានព័ត៌មានថា កូវីដ​១៩ បានលេចឡើងនៅតាមតំបន់ផ្សេង ៗ លើសកលលោក  ហើយមានករណីនៃការឆ្លងកូវីដ ១៩ កើតឡើងមុននៅក្នុងប្រទេសចិនទៅទៀត ។