អភិបាលខេត្ដព្រះសីហនុ ប្រកាសគាំទ្រវិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគ​នៅក្នុងទឹកដីខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុបានប្រកាស​គាំទ្រ វិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុ ហើយក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្ដបានខិតខំនិងកំពុងកសាងផ្លូវ និង​ហេដ្ឋា រចនាសម្ព័ន្ធនានានៅក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យមានការរីកចម្រើន។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ របស់សមាគមសណ្ឋាគារកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះ សីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយ​រយៈពេលសាងសង់​ចំនួន ៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់​គ្រង​និងអភិវឌ្ឍន៍​តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង​សាធា​រណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្ត​គម្រោង​នេះ។ ឯកឧត្តមបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុង នៃខេត្តព្រះសីហនុ ត្រូវ​បានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ នេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុ​ដែលមិន​ធ្លាប់​មានពី មុន​មក​ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ​ការស្តារ​ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខ​រាជ​រដ្ឋាភិ​បាល​ ដែលធ្វើឱ្យខេត្តជាប់​ឆ្នេរ សមុទ្រមួយនេះមាន​​ភាព​ស៊ីវិល័យទាក់ទាញការ​វិនិ​យោគបន្ថែមទៀត ស្របទៅនឹង​គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិ​បាលក្នុងការប្រែក្លាយឱ្យទៅជា​ខេត្ត​ឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្ត​បំពង់​កសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាមួយគ្នានេះ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញ​ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង​នេះ ក្រុងក្នុង​ខេត្តព្រះសីហនុក្នុងគោលដៅប្រែ​ក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច​ជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើ​ប្រាស់បានយូរអង្វែង។

លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជាបានបញ្ជាក់ថា រាល់ការ​អភិវឌ្ឍនិងវិនិយោគលើសណ្ឋាគារនៅពេលបច្ចុប្បន្ននេះ វិនិយោគិនគួរតែមានការប្រុង​ប្រយ័ត្ន និងត្រូវរក​ទីតាំង​ណា​​ដែលមិនទាន់ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ។ លោកស្រី បានបន្តថា នាពេលនេះការផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា ជា​ពិសេស​តំបន់​សក្តានុពល​ដូ​ច​ជាខេត្ដ​សៀម​រាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជា​គោលដៅទេសចរណ៍ដ៏​មមា​ញឹកកំពុង​មាន​ការ​ផ្គត់ផ្គ​ង់​សណ្ឋាគារ​​លើស​តម្រូវការ។ លោកស្រីបានបន្ដទៀតថា បើជា​ការល្អគួរកុំទាន់សាងសង់សណ្ឋាគារ សម្រាប់​អ្នក​មាន​គម្រោង​នឹង​សាង​សង់​។ ក្នុងន័យ​នេះយើងមិនបានហាមឃាត់ការវិនិយោគទេ ប៉ុន្តែ​ការ​សាងសង់​សណ្ឋាគារ​ក្នុង​ដំណាក់​កាល​​នេះ គឺបើសង់ទៅអាចនឹងលើសពីតម្រូវការ។ លោកស្រីបានលើកឡើងថា បច្ចុប្បន្ន នេះ សណ្ឋាគារខ្លះ មិនមាន​ភ្ញៀវ​ស្នាក់​នៅពេញផង ដោយសារតែភ្ញៀវបាន​ថយ​ចុះបន្តិច។ ទន្ទឹមនេះ ចំពោះភ្ញៀវទេសចរដែលត្រូវការបន្ទប់ស្នាក់​នៅ គឺភាគច្រើន ក្រុមហ៊ុនភ្នាក់ងារ​ទេសចរណ៍ផ្គត់ផ្គង់ជូន វាខុស​ពីមុន​ដែល​ភ្ញៀវ​បរទេស​ត្រូវ​រក​សណ្ឋា​គារ​ និងកក់ដោយ​ខ្លួនឯង។ លោកស្រីបន្ថែមថា ក្នុងកាលៈទេសៈ ដែលវិនិយោគិនមា​ន​ដើម​ទុនច្រើននិងចង់​សាងសង់សណ្ឋាគារសម្រាប់បម្រើនៅពេលអនាគតនោះ គួរតែរក​ទីតាំង​ណា​ដែល​មិនទាន់​មានបន្ទប់សណ្ឋាគារគ្រប់គ្រាន់ និងជាគោលដៅទេសចរណ៍របស់ភ្ញៀវបរទេស ដូចជា ខេត្តព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរីជាដើម។ ដោយឡែកខេត្ត​ព្រះសីហនុ មានបន្ទប់ ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនតែមានភ្ញៀវ​ស្នាក់នៅដែរតែម​មានតិចដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក។

លោក លូ ម៉េង ​ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានឯក​ភាព​ចំពោះ​ការ​សម្រេច​ចិត្តរបស់សមាគម​នៅ​​ក្រុងព្រះសីហនុ ហើយវា​នឹង​អាច​ជួយ​ដល់​សមាគម​ក្នុង​ការ​ពង្រីក​សមាជិក​ភាព​របស់​ខ្លួន ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ និង​បង្កើន​ចំនួន​សមាជិក​រហូត​ដល់​ជាង ៨០ សណ្ឋាគារទៀតផង៕

ដោយ ឡុង ស៊ីវ៉ាន់

ប្រភព៖ រដ្ឋបាលខេត្ដព្រះសីហនុ