មន្ត្រីជំនាញ នៃការិយាល័យបសុពេទ្យ ចុះចែកថ្នាំបាញ់សម្លាប់មេរោគ ដល់ គោក្របី ដែលផ្ទុះជំងឺសារទឹកនៅស្រុកចន្ទ្រា

AKP ស្វាយរៀង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០លោក ប៉ែន ចន្ធី ប្រធានការិយាល័យបសុពេទ្យ និងសហការីនៃមន្ទីកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត បានចុះតាមដាន និងចែកថ្នាំ ដើម្បីបាញ់សម្លាប់មេរោគដល់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលបានចិញ្ចឹមសត្វគោ ក្របី ជាង១ពាន់ក្បាល នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក យិន សុភាព មន្ត្រីពេទ្យសត្វឃុំសំរោង ស្រុកចន្រ្ទា បានឱ្យដឹងថា គោ ក្របី របស់ពលរដ្ឋដែលឈឺកន្លងមក បានព្យាបាលជាសះស្បើយហើយ ហើយនៅព្រឹកនេះ លោក ប៉ែន ចន្ធី ប្រធានការិយាល័យបសុពេទ្យ ក៏បានចុះមក ពិនិត្យតាមដាន និងចែកថ្នាំ ជូនពលរដ្ឋ ដើម្បីបាញ់សម្លាប់មេរោគ។

សូមបញ្ជាក់ថា ការផ្ទះជំងឺសារទឹកនេះ បានកើតឡើងអស់រយៈពេល១២ថ្ងៃមកហើយ  គឺចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ មានសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងឈឺ និងងាប់បន្តបន្ទាប់  ដោយសារជំងឺសារទឹក និងបុសខ្យល់ ខណៈគោក្របី មួយចំនួនត្រូវភ្លៀងប្រកាច់ងាប់ភ្លាមៗ ព្យាបាលមិនទាន់៕

ដោយ សួស សំរិត