សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដៃគូអង្គការទេសចរណ៍ពិភពលោក ដែលកោតសរសើរ ដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់

APP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ៣០២០–

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO) ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ដែលបានដាក់ចេញវិធានការទប់ស្កាតការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។

សម្តេចតេជោ បានបន្តទៀតថា អង្គការទេសចរណ៍ពិភពលោក ក៏បានកោតសរសើរដល់ការងើបឡើងវិញនូវភ្ញៀវទេសចរក្នុងស្រុក ដែលមានការយល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ១៩។

ឆ្លៀតនាឳកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងស្រុក បន្តប្រើប្រាស់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជឹលសម្លាប់មេរោគកុំអោយឆ្លងជំងឺកូវីដ-១៩៕ ដោយ៖ កន ចំណាន