ក្រសួងអប់រំនឹងបើកដំណើរការសាលារៀនឡើងវិញដំណាក់កាលទី២ សម្រាប់ថ្នាក់​ទី៩​និងថ្នាក់ទី១២ និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិតនៅខេត្តចំនួន៤

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានគូសបញ្ជាក់ថា ក្រសួងបានសម្រេច អនុញ្ញាតឱ្យ​បើក​សាលារៀនថ្នាក់ទី៩ ថ្នាក់ទី១២ និងគ្រឹះស្ថានសាធារណៈ គ្រប់កម្រិត នៅខេត្តចំនួន៤ ចាប់ពីខែកញ្ញាខាងមុខតទៅ។

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ឱ្យ​ដឹង​នៅថ្ងៃទី២៧ខែសីហា ឆ្នាំ២០២០នេះថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សាសាធារណៈ ដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈ គ្រប់កម្រិតនៅតាម ទីរួមខេត្តចំនួន៤​ដែលមានកម្រិត​ហានិភ័យ​ទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) បើកដំណើរការឡើងវិញ បន្ទាប់​ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ ឯកឧត្ដម​បាន​បន្ដថា ក្រៅពីនេះ ក្រសួងអប់រំ នឹងពិនិត្យលទ្ធភាពជា ក់ស្តែងបើកដំណើរការគ្រឹះ​ស្ថាន​សិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូចផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា​ឯកជនពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សាបើកដំណើរការឡើងវិញ បន្ទាប់ពីមានការ​ចុះ​ពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវដាក់ពាក្យស្នើសុំបើកមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបន្ថែមថា គ្រឹះស្ថានសិក្សាឯកជនត្រូវចុះកិច្ច​ព្រមព្រៀង​ជាមួយក្រសួងអប់រំ យុវជន និងកីឡាមុនការបើកដំណើរការ។

សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯក ជនត្រូវអនុវត្តន៍​គោល​ការណ៍ដូចជា វិធានការសុវត្ថិភាព សុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្របតាមគោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ​សម្រាប់ដំណើការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ ចំពោះនិយាមរៀននិងបង្រៀនថ្មី កំណត់ចំនួនសិស្សប្រមាណ២០​នាក់​ក្នុង១​ថ្នាក់ និងឆ្លាស់វេនគ្នា។ ថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវអនុវត្តន៍បញ្ចប់កម្មវិធី​សិក្សាត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។ ចំពោះកម្រិតសិក្សា និង​គ្រឹះស្ថានសិក្សាដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពី​ចម្ងាយ។

ឯកឧត្ដម រស់ សុវាចា ក៏បានអះអាងផងដែរថា សម្រាប់សម័យប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅថ្ងៃទី២១ ធ្នូ ២០២០ និងសម័យប្រឡងសញ្ញាបត្រ​មធ្យម​​សិក្សាបឋមភូមិថ្ងៃទី៣០ វិច្ឆិកា ២០២០។ ស្របពេលជាមួយនឹងការអនុវត្ត​ដំណាក់​កាលទី២ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកិច្ចសហការជាមួយគ្រប់​ភាគីពាក់ព័ន្ធ​សិក្សា​ស្ថានភាព និងវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាសម្រាប់ត្រៀម​ខ្លួនបើក​ដំណើរ​ការដំណាក់កាលទី៣។

សូមបញ្ជាក់ផងដែរថា ការបើកដំណើរការគ្រឹះស្ថានសិក្សា​ឡើងវិញ ដំណាក់កាល​ទី២ នឹងចាប់ផ្តើមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តន៍តាមលក្ខខណ្ឌតម្រូវបច្ចេកទេស​នៃការ​សិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធី​សាស្រ្ត​នៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយ​សន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) នឹងត្រូវ​អនុវត្តន៍​គោលការណ៍ប្រតិបត្តិស្តង់ដារ​សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទ​កូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០៕

ដោយ ប៊ុនរិទ្ធ