រដ្ឋមន្រ្ដីក្រសួងការងារចាត់ទុកវិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាត់​ទុកវិស្វករគឺជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សាភ្ជាប់​ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុង​ពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិក្រុមប្រឹក្សាភិបាលនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ និងការប្រកាសចាប់ផ្តើមប្រមូលមូលនិធិ​សម្រាប់ពាន​រង្វាន់យុវវិស្វករ​ឆ្នើមរបស់(AFEO) តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ពីទីស្តីការក្រសួងការងារ នាព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ថា វិស្វករត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេសវិស្វករ​អាស៊ាន និងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួនទាំងទ្រឹស្ដី និងការ​អនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា វិស្វករនៃបណ្ដាប្រទេសជាសមាជិក​អាស៊ានទាំងអស់ ដូចពេលប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្ម​អាស៊ាន​(CAFEO) តាមប្រទេសនីមួយៗ គឺមានឱកាសធ្វើការជាមួយគ្នា រៀនសូត្រពីគ្នា​ទៅ​វិញ​ទៅមក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម និងបង្កើនបាននូវភាពសុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារ​តែមួយ។ ឯកឧត្តមបានស្នើដល់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន បន្តវប្បធម៌ចែករំលែកបទ​ពិសោធន៍ដ៏ប្រពៃនេះ ដើម្បីជំរុញឱ្យវិស្វករនៅក្នុងតំបន់មានសមត្ថភាពទៅតាមស្ដង់ដារ​អន្តរជាតិ និងអាចដើរទាន់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ នៃបណ្ដាប្រទេសជឿនលឿនក្នុង​សកលលោក។ ឯកឧត្តមរដ្ឋមន្រ្ដីមានជំនឿថា កិច្ចសហប្រតិបត្តិការល្អរវាងសមាជិកនៃ​អង្គការសហព័ន្ធវិស្វកម្មអាស៊ាន នឹងក្លាយជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសក្ដានុពលក្នុងការជំរុញឱ្យវិស័យសេវាវិស្វកម្មនៅក្នុងតំបន់បោះជំហានទៅមុខ ប្រកបដោយភាពជោគជ័យ។ លើសពីនេះទៀត កិច្ចសហប្រតិបត្ដិការនេះគឺជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងគោលនយោបាយបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍឱ្យបានប្រសើរ​ឡើង​ប្រកបទៅដោយចីរភាព ព្រមទាំងអនុវត្តន៍ចំណេះដឹងវិស្វកម្ម ដោយយោងតាមគុណ​តម្លៃសកល និងក្រមសីលធម៌វិជ្ជាជីវៈវិស្វកម្ម។ ជាមួយគ្នានេះ នឹងជំរុញញឱ្យមានស្តង់ដារ​នៃ​ការអប់រំវិស្វកម្ម ការលើកកម្ពស់តួនាទីវិស្វករស្រ្ដីនៅក្នុងការអភិវឌ្ឍជាតិ និងតម្រូវការ​ជា​បន្តបន្ទាប់ នូវការកសាងសមត្ថភាពសម្រាប់វិស្វករវ័យក្មេង ជាការចាំបាច់ ដែលត្រូវតែ​ពង្រឹង និងធ្វើឱ្យបានប្រសើរឡើង។

ក្នុងនាមជាប្រធានក្រុមប្រឹក្សានៃគណៈវិស្វករកម្ពុជា ឯកឧត្តម អ៊ិត សំហេង ក៏បាន​លើកទឹកចិត្តដល់យុវវិស្វករអាស៊ានអំពីការគិតគូរដល់ការបង្កើតសហគ្រិនភាព ការផ្តល់​បរិយា​កាសឱ្យបានសមស្របដើម្បីអត្ថប្រយោជន៍ វិបុលភាពសេដ្ឋកិច្ច និងសង្គម និងគាំទ្រ​ចំពោះការខិតខំប្រឹងប្រែងរបស់យុវវិស្វករដែលមានស្នាដៃឆ្នើម ដើម្បីទទួលបានវិញ្ញាបន​បត្រ និងមេដាយកិត្តិយសសម្រាប់ការប្រកួតប្រជែងប្រចាំឆ្នាំរបស់យុវវិស្វករអាស៊ាន។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AFEO Mid-Term ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានគាំទ្រនូវសំណើផ្តល់រង្វាន់លើកទឹកចិត្តនូវពានរង្វាន់ និងវិញ្ញាបនបត្រដល់យុវវិស្វករ​ដែលមានស្នាដៃឆ្នើម១រូប ក្នុងមួយឆ្នាំ សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ និងក្នុងនាមជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តមបានឧបត្ថម្ភថវិកាចូល​មូល​និធិ​សម្រាប់ពានរង្វាន់យុវវិស្វករឆ្នើមរបស់ AFEO ចំនួនប្រាំពាន់ដុល្លារអាម៉េរិក( $5,000) ក្រោមការចាត់ចែង និងគ្រប់គ្រងរបស់គណៈកម្មាធិការនៃអគ្គលេខាធិការដ្ឋាន AFEO។  ទន្ទឹមនេះ ឯកឧត្តម៏បានអំពាវនាវឱ្យប្រទេសជាសមាជិកនៃអង្គការ AFEO ទាំងអស់ជួយ​ឧបត្ថម្ភថវិកាបន្ថែមទៀតដល់មូលនិធិសម្រាប់ពានរង្វាន់យុវវិស្វករឆ្នើមរបស់ AFEO ដើម្បី​ជួយ​គាំទ្រដល់សកម្មភាពយុវវិស្វករអាស៊ានដែលមានស្នាដៃឆ្នើម ក៏ដូចជាការលើកទឹក​ចិត្ត​ដល់កិច្ចខិតខំប្រឹងប្រែងរបស់យុវវិស្វករអាស៊ាន ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេស​ជាតិ​នាពេលអនាគត ។

ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ មេត្តាជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំ​វិស្វកម្ម ឱ្យមានស្តង់ដារប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សា​ពី​មហាវិទ្យាល័យ នៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹង​កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ស្តីពីសេវាវិស្វកម្ម ដែលបានចុះហត្ថលេខា​ជាមួយគ្នាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

សូមបញ្ជាក់ផងដែរថា គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិដែលមាន​កិច្ច​សហប្រតិបត្តិការជាមួយនឹងអង្គការ AFEO  និងគណៈកម្មាធិការសម្របសម្រួលវិស្វករ​អាជីព​ឆ្នើមអាស៊ាន (ACPECC)។ កន្លងមក កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ​នៃ​អង្គការសហព័ន្ធវិស្វកម្មអាស៊ានចំនួន២លើករួចមកហើយ ដោយលើកទី១ CAFEO-20 ដែល​ប្រារព្ធធ្វើឡើងនៅថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០០២ ក្រោមប្រធានបទ “ វិស្វកម្ម​សម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន” ។ លើកទី២ CAFEO-30  ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦-១៩ ខែធ្នូ ឆ្នាំ២០១២ ក្រោមប្រធានបទស្តីពី “ អត្ថ​ប្រយោជន៍នៃសមាហរណកម្មសេវាវិស្វកម្ម សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច”។   សម្រាប់សន្និសីទទាំងពីរលើកកន្លងមក និងកិច្ចប្រជុំ​ក្នុង​ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលចូលរួមពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព មានចក្ខុវិស័យឆ្ពោះទៅតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN ECONOMIC COMMUNITY BLUEPRINT 2025) និងជាចក្ខុវិស័យដើម្បីបង្កើតឱ្យ​មានការយល់​ដឹងលក្ខណៈស៊ីជម្រៅ អំពីអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មសម្រាប់បណ្តា​ប្រទេស​ជាសមាជិកអាស៊ាន៕

 

ដោយ ប៊ុនរិទ្ធ