អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះMOU ជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបណ្តុះបណ្តាលធនធានមនុស្សរវាងអគ្គ លេខាធិការដ្ឋានព្រឹទ្ធសភាជាមួយ​វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី២៧ ខែសីហា នេះនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ថ្លែងថា នេះជាកាលានុវត្តភាពថ្មីមួយ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យ ការទូត ជាពិសេសការទូតសភា តាមរយៈកិច្ចព្រមព្រៀងនេះ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែពង្រឹងពង្រីកទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានជាតិការទូត និងទំនាក់ ទំនងអន្តរជាតិតែប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកដល់ការបណ្តុះ បណ្តាល រួមគ្នាលើជំនាញការទូត និងទំនាក់ទំនងអន្តរជាតិ ពិធីការការទូត និងអតិថិវិន័យ និងទំនាក់ទំនងអន្តរជាតិ និងការ រៀបចំបាឋកថា និងសិក្ខាសាលាលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ ព្រមទាំងជំនាញផ្សេងទៀតទៅតាមស្ថានភាពជាក់ស្តែង ស្របតាមនិន្នាការពិភពលោកនា ពេលបច្ចុប្បន្ន ដែលមានតួអង្គសភាកាន់តែដើរតួនាទីសំខាន់ឡើង។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានលើកឡើងថា នាពេលបច្ចុប្បន្នសភាកម្ពុជា កំពុងបំពេញតួនាទីលើឆាកអន្តរជាតិកាន់តែទូលំទូលាយ ក្នុងទិសដៅលើកកម្ពស់វិស័យ ការទូតសភា និងធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅទៅក្នុងក្របខ័ណ្ឌ នៃកិច្ច សហប្រតិបត្តិការអន្តរសភាក្នុងតំបន់និងសកលលោក។ ក្នុងបរិបទនេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការ ជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លើជំនាញពិធីការ អតិថិវិន័យ ការទូត ទំនាក់ទំនងអន្តរជាតិ ស្រាវជ្រាវនិងវិភាគកិច្ចការអន្តរជាតិ ដើម្បីអាច ឆ្លើយតបទៅនឹងសេចក្តីត្រូវការមន្រ្តីសភាឱ្យកាន់តែមានជំនាញ បទពិសោធន៍ និងចំណេះដឹង កាន់តែច្រើនឡើងក្នុងការផ្តល់សេវាកិច្ចការអន្តរជាតិ ប្រកបដោយ គុណភាពជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា។ បន្ថែមពីលើនេះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងចូលរួមវិភាគទានដល់ការបំពេញតួនាទីនិងសកម្ម​ភាពការងារការទូតសភារបស់ព្រឹទ្ធសភា ក្នុងការអនុវត្តមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសរួមចំណែកជាចលករសម្រេច បាននូវគោលបំណងរួម ក្នុងការលើកតម្កើង កិត្យានុភាពមុខមាត់ និងការពារ ផលប្រយោជន៍របស់ប្រទេសកម្ពុជា ក្នុងវេទិកាតំបន់និងអន្តរជាតិ ស្របតាមគោល នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាមានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈស្មារតី នៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ស្ថាប័នទាំងពីរ ដែលបានឆ្លុះបញ្ចាំងក្នុង អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបណ្តុះបណ្តាលមន្ត្រី វ័យក្មេង របស់អគ្គ លេខាធិការដ្ឋានព្រឹទ្ធសភាប្រកបដោយវិជ្ជាជីវៈការទូតសភាខ្ពស់ និងសម្រេចបាននូវការអនុវត្ត សកម្មភាពរួមគ្នាកាន់តែច្រើននាពេលខាងមុខ។ អគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា ត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញ និងជិតស្និទ្ធ ជាមួយវិទ្យាស្ថាន ជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីធានាភាពជោគជ័យនៃការអនុវត្ត អនុស្សរណៈនៃ ការយោគយល់គ្នានេះ។

ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ​ ពិតជាមាន​សារៈសំខាន់ដល់ការចាប់ផ្តើមនៃកិច្ចសហប្រ​តិបត្តិការជា​ផ្លូវការ​រវាងស្ថាប័នទាំងពីរ ដែលផ្តោតទៅលើការកសាងសមត្ថភាព ជំនាញ ចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណភាពដល់មន្រ្តីរបស់ស្ថាប័នទាំងពីរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងការ​សម្រេ​ចគោលដៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង​២០៥០។ ជាការពិតណាស់ នៅក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរនឹងសហការគ្នាបង្កើត កម្មវិធីបណ្តុះបណ្តាល ជំនាញដល់មន្រ្តីរបស់ស្ថាប័នទាំងពីរពាក់ព័ន្ធនឹង​វិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងសមត្ថភាពក្នុងការវិភាគ វាយតម្លៃ និងព្យាករណ៍ សភាពការណ៍អន្តរជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ និងជំរុញបន្ថែមនូវតួនាទីរបស់ស្ថាប័នសភា ដែលជាតួអង្គ ដ៏សំខាន់មួយក្នុង​វិស័យការទូតសភា​នៅក្នុងបរិបទដ៏ស្មុគស្មាញ នៃទំនាក់ទំនងអន្តរជាតិ ក្នុងយុគសម័យឌីជីថល ជាពិសេសការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដើម្បីដណ្តើម ឧត្តមភាពពិភពលោក និងតំបន់រវាងមហាអំណាចទាំងពីរគឺ សហរដ្ឋ​អាមេរិក និ​ងចិន។

ឯកឧត្តមសង្ឃឹមថា តាមរយៈ​ការចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោគយល់គ្នា​នៅ​ថ្ងៃនេះ កិច្ច​សហការ និងភាពជាដៃគូ​រវាងវិទ្យាស្ថាន និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ​​នឹង​បង្កើតបាន​នូវ​សហថាមពល (Synergy) ​មួយតាម​រយៈការ​ផ្លាស់​ប្តូរ​នូវ​​បទពិសោធន៍ និងឧត្តមានុវត្តន៍ លើការ​គ្រប់គ្រងនិ​ងការ​រៀបចំកម្មវិធី​បណ្តុះ​បណ្តាល សន្និសីទ សិក្ខា​សាលា​ ព្រឹត្តិការណ៍នានារួមគ្នា និងការចែករំលែកឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងការទូតសភា និងទំនាក់ទំនងអន្តរជាតិ​​សកម្មភាព​​បណ្តុះបណ្តាល រវាងភាគី​ទាំង​ពីរ​ នឹង​កាន់​តែ​​​សកម្ម​ឡើងៗ​ ជា​ពិសេស​ក្នុងការ​​ចូលរួម​ចំណែក​​ពង្រឹង​សមត្ថភាព​ស្ថាប័ន ​និង​ធនធាន​មនុស្ស​នៃ​ក្រសួង​​ការ​បរ​ទេស និងសហប្រតិ​​បត្តិ​ការ​​អន្តរជាតិ ក៏ដូចជា​មន្ត្រីរាជការនៃអគ្គលេ​ខាធិការ​ដ្ឋានព្រឹទ្ធសភា ផងដែរ៕

ដោយ ប៉ាល់ សុង