សម្តេចពិជ័យសេនា ទៀ បាញ់៖ ខ្ញុំមិនអាចអត់ឱនចំពោះអ្នកនិយាយថា ការផលិត និង បោះពុម្ព​ផែនទីខ្នាត១/២៥០០០ ជាការធ្វើឱ្យបាត់ស្រុក បាត់ប្រទេស  និងបាត់ទឹកដី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបាន​ព្រមាន​ចំពោះអ្នកដែលនិយាយចោទប្រកាន់ថា ការផលិត និងបោះពុម្ពផែនទីខ្នាត១/២៥០០០នេះ គឺ​ជាការធ្វើឱ្យបាត់ស្រុក បាត់ប្រទេស  និងបាត់ទឹកដី។ ការលើកឡើងរបស់​សម្តេចពិជ័យ​សេនា ទៀ បាញ់ នេះ បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីប្រគល់-ទទួលផែន​ទីឋានលេខព្រំដែនខ្នាត ១/២៥០០០ ជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បី យកទៅប្រើប្រាស់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្ដិភាព។

សម្តេចពិជ័យ​សេនា ទៀ បាញ់ “ខ្ញុំរីករាយណាស់ដែលអ្នកសារព័ត៌មានចង់ ដឹងរឿង ព្រំដែននេះ ឥឡូវនេះយើងធ្វើកិច្ចការនេះបានល្អប្រើសើរជាទីបំផុតក្នុងប្រវត្តិសាស្ត្រ ដែល​យើងមិនធ្លាប់មាន។ និយាយមិនធ្លាប់មាននេះ ដោយសារតែយើងបានរៀបចំបោះពុម្ពផែន​ទីមួយដែលមានខ្នាត១/២៥០០០នេះគឺជាជោគជ័យមួយដ៏ធំណាស់សម្រាប់ឯកសារជាតិសំខាន់ណាស់ ហើយខ្ញុំមិនអាចអត់ឱនឱ្យបានទេចំពោះអ្នកមួយចំនួនចោទ ប្រកាន់ថាការ​ផលិត និងបោះពុម្ពផែនទីខ្នាត១/២៥០០០នេះជាការធ្វើឱ្យបាត់ស្រុក បាត់ប្រទេស  បាត់​ទឹកដីជាដើមនេះ។” សម្តេចពិជ័យ​សេនាបានបន្ដថា ការនិយាយ​រឿងការបោះ​ផែនទីនេះ​មិនអាចអត់ឱនឱ្យបានជាដាច់ខាតព្រោះវាជារឿងសំខាន់បំផុតរបស់ប្រជាជាតិយើងដែលទទួលបានជោគជ័យដ៏ធំធេងនេះព្រោះថាពិបាកណាស់ទម្រាំបានគូសនិងបោះពុម្ពផែនទីនេះ ព្រោះថាការធ្វើផែនទីបានលុះត្រាតែមានការឯកភាពគ្នារវាងប្រទេសជិត​ខាង។ សម្តេច​ពិជ័យ​សេនាបានបន្ថែមថា និយាយជារួមទាំងពីភាគី ទម្រាំចរចាគ្នាត្រូវមានការ​លំបាក​លំបិនណាស់ តែគេបែរជាចោទប្រកាន់មកផ្លូវផ្សេងដែលប៉ះពាល់មកលើផ្លូវច្បាប់​ដែលយើងមាន។ ចំពោះការធ្វើផែនទីនេះ គឺយើងធ្វើតាមច្បាប់ទាំងអស់ ច្បាប់អនុញ្ញាត​ឱ្យធ្វើ ឱ្យគណៈកម្មការចម្រុះព្រំដែនធ្វើ។ យើងធ្វើតាមច្បាប់ទាំងអស់ ច្បាប់ដែលឆ្លងរដ្ឋ​សភា ព្រឹទ្ធសភា ជាដើម តែបែជាមកចោទប្រកាន់បែបនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ វិធានការផ្លូវច្បាប់ចំពោះអ្នកដែលនិយាយពីការបោះពុម្ពផែនទីព្រំដែនបាត់ទឹកដី ព្រោះថា គេ​និយាយបែបប្រជាភិថុត ឬគ្មានមូលដ្ឋានច្បាស់លាស់ណាមួយមកអះអាងនោះគឺ យើង​កំពុងយកវិធានការច្បាប់មកប្រើតែម្តង។ សម្ដេចពិជ័យសេនាបានអះអាងថា បច្ចុប្បន្ននេះ​ក៏មានបញ្ហាមួយ ចំនួនរវាងព្រំដែនកម្ពុជា និងថៃផងដែរ  តែផ្ទុយទៅវិញអ្នកមួយ​ចំនួន​មិន​យកបញ្ហានឹងមកជជែកគ្នា និងចោទរាជរដ្ឋាភិបាលទាល់តែសោះ។ តែបែរជាយក​អ្វី​​ដែលរាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងត្រឹមត្រូវ ម៉ត់ចត់មកចោទប្រកាន់បែបនេះ បែបនោះ​ទៅវិញ រហូតដល់ប្រើពាក្យ ក្បត់ជាតិ កាត់ដីឱ្យវៀតណាម ឬលក់ដីឱ្យវៀតណាម។

សម្តេចពិជ័យសេនាបានបន្ថែមទៀតថា បន្ទាប់ពីមានការពិនិត្យផ្ទៀងផ្ទាត់ផែនទី​ព្រំដែន​កម្ពុជា និងថៃ ក៏មានភាពមិនប្រក្រតីមួយចំនួនដែរ  តែគ្មានអ្នកណានិយាយនោះទេ បើអួតខ្លួនថាអ្នកស្នេហាជាតិ  អ្នកប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ភាគីកម្ពុជាបានធ្វើតាំង ពី​សម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ដោយឯកឧត្ដម វ៉ា គឹមហុង បានកាន់ការងារនេះ ជា​ពិសេស​អ្វីដែលធ្វើនេះគឺផ្អែកទាំងស្រុងទៅតាមផែនទីដែល​កម្ពុជាមានតាមផ្លូវច្បាប់​ដែល​អន្តរជាតិទទួលស្គាល់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា “ផែនទីជាមួយថៃយើងក៏រក​ឃើញចំណុចមិនប្រក្រតី ហើយយើងកំពុងបន្តដោះស្រាយ និងធ្វើការជាមួយគ្នា​ដរាប​ណា​មានការឯកភាពគ្នា ដូចជាឯកភាពជាមួយភាគីវៀតណាម។ ​អីច្ចឹងទើបយើងចាត់ទុក​ថា​មាន​ប្រសិទ្ធភាព បញ្ហាព្រំដែន របស់យើង”។ សម្ដេចពិជ័យសេនាបានលើកឡើងថា ចំពោះ​ផែន​ទីខ្នាត១/២៥០០០នេះនឹងត្រូវពិចារណាយកទៅតម្កល់នៅអង្គការសហប្រជាជាតិ នៅ ពេលខាងមុខតែមិនទាន់ដឹងពេលណាទេ។ ប៉ុន្តែនៅពេលយកប្រគល់ឱ្យប្រើប្រាស់នេះ​ដើម្បី​បញ្ជាក់ថាផែនទីដែលប្រើប្រាស់នេះគឺត្រឹមត្រូវ ដែលពេលមុនមកមិនដែលមាននោះ ទេ ដែលឃើញច្បាស់លាស់ នៅក្នុងភូមិសាស្ត្រនីមួយៗ ហើយយើងបានបោះ​បង្គោលជាក់​លាក់ដែលមូលដ្ឋានមួយរឹងមាំផងដែរ។

ទាក់ទងនឹងចំណុចសេសសល់ចំនួន១៦ភាគរយ ដែលមិនទាន់បានបោះបង្គោល​ជាមួយ​ភាគីវៀតណាម​នោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា​ “កម្ពុជាចង់​បោះ​ឱ្យចប់ឆាប់ ប៉ុន្តែចំណុចនេះត្រូវតែនិយាយជាមួយភាគីវៀតណាម មិនអាចធ្វើតែ​ឯក​ឯងបាននោះទេគឺត្រូវចរចាគ្នារហូតឯកភាពគ្នាពោលគឺដូចអ្វីដែលចរចាត្រូវគ្នាចំនួន៨៤ភាគរយដែរ”៕

 

ដោយ ប៊ុនរិទ្ធ