វិសាខាទម្លាក់ក្រុមរងជើងឯកថ្នាក់ខេត្តត្បូងឃ្មុំ ត្រឹមវគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

ក្រុមវិសាខាបានទម្លាក់ក្រុមខេត្តត្បូងឃ្មុំ ដែលជាក្រុមរងជើងឯកថ្នាក់ខេត្ត នៅត្រឹមវគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល២០២០ បន្ទាប់ពីបានយកឈ្នះនៅក្នុងលទ្ធផលសរុបទាំងពីរជើង ១៣ទល់១។

ក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំបានបើកការនាំមុខលើក្រុមភ្ញៀវ វិសាខា ១ទល់០ នៅនាទី១០ ដោយកីឡាករ យូ សុះហ្វា ប៉ុន្តែចាប់ពីនាទី៣០រហូតដល់បញ្ចប់ការប្រកួត៩០នាទី ក្រុមវិសាខាធ្វើសម្រេចបាន៤គ្រាប់ជាបន្តបន្ទាប់ ដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ៣គ្រាប់ និងកីឡាករ ទឹក ឌីណា។ នេះជាការប្រកួតសម្រាប់ជើងទី១ កាលពីល្ងាចថ្ងៃ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ដោយលើកពេលប្រកួត ដោយសារបញ្ហាទីលាន។ ចំពោះការប្រកួតជើងទី២ កាលពីសប្តាហ៍មុន ម្ចាស់ផ្ទះ វិសាខា បានយកឈ្នះខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៩ទល់០ សរុបទាំងពីរលើក ១៣ទល់១។

ដូច្នេះក្រុម រងជើងឯកថ្នាក់ខេត្ត ក្រុមជម្រើសខេត្តត្បូងឃ្មុំបានធ្លាក់ត្រឹមវគ្គជម្រុះវគ្គ១៦ក្រុមនេះហើយ ដោយក្នុងចំណោម៤ក្រុម នៃក្រុមជ័យលាភី ដែលឡើងមកពីថ្នាក់ខេត្តមានតែក្រុមខេត្តព្រៃវែងមួយប៉ុណ្ណោះ ដែលបានទម្លាក់ក្រុមក្នុងក្របខ័ណ្ឌ លីគកំពូលកម្ពុជា ហើយបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ចំពោះក្រុមវិសាខាបានឡើងទៅវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិនេះដែរ។

សម្រាប់ការប្រកួតវគ្គ៨ក្រុមថ្នាក់ជាតិ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រ ចំនួន៤ប្រកួត ជើងទី១ គឺក្រុមកងយោធពលខេមរភូមិន្ទ ប៉ះជាមួយក្រុមជើងឯកថ្នាក់ខេត្ត ក្រុមខេត្តព្រៃវែង នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។

រីឯ៣ប្រកួតទៀតនឹងត្រូវប្រកួតនាថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២០ ដែលជាការជួបគ្នារវាងក្រុមណាហ្គាវើល ប៉ះជាមួយព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ប៉ះជាមួយគីរីវង់សុខសែនជ័យ និងក្រុមការពារម្ចាស់តំណែងជើងឯក រដូវកាល ២០១៩ បឹងកេត នឹងត្រូវប្រជែងជាមួយក្រុមវិសាខា ៕ ដោយ៖ហេង ណាលីន