យានដ្ឋានជួសជុលរថយន្ត អត់ច្បាប់ជិត៤០០ទីតាំងនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានី ចុះបិទអាជីវកម្មបណ្ដោះអាសន្នដោយមិនលើកលែង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

មន្ត្រីជំនាញមន្ទីរសាធារណការ លោកស្រី បុប្ផា ផានី បានឱ្យដឹងនៅព្រឹកថ្ងៃ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះថា នៅរាជធានីភ្នំពេញមានយានដ្ឋានជួសជុលរថយន្តចំនួន ៩៧១ទីតាំង មានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន ៣៩០ទីតាំង ។ ឥឡូវនេះ មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះទៅបិទអាជីវកម្មបណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ ដោយលើកនេះមិនមានការណែនាំ ឬជូនដំណឹងទៀតទេ ព្រោះបានជូនដំណឹង និងទុកពេលជាយូរណាស់ហើយ ។

ជាក់ស្ដែងទីតាំងយានដ្ឋានធ្វើអាជីវកម្មជួសជុល កែច្នៃដំឡើងយានយន្តមិនមានច្បាប់អនុញ្ញាតជាច្រើនកន្លែង ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខចុះទៅបិទជាបណ្ដោះអាសន្ន រង់ចាំឱ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញាតត្រឹមត្រូវជាមុនសិនទើបអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ។

លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ចាប់ពីពេលនេះទៅ មន្ត្រីរបស់មន្ទីរនឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដើម្បីចុះតាមទីតាំងយានដ្ឋានជូសជុល កែច្នៃយានយន្តដែលអត់ច្បាប់ ទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីបិទអាជីវកម្មបណ្ដោះអាសន្នទៅលើទីតាំងណាដែលអត់ច្បាប់ ដោយលែងអប់រំ លែងជូនដំណឹងអ្វីទៀតហើយ ។ ព្រោះការជូនដំណឹងវាញឹកញាប់ពេក ហើយយានដ្ឋានខ្លះក៏ធ្លាប់បិទលើកទី១រួចហើយដែរ តែម្ចាស់ទីតាំងនៅតែរឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញាតដដែល។

លោកស្រី បុបា្ឆ ផានី បានរម្លឹកថា ក្នុងរាជធានីភ្នំពេញ មានយានដ្ឋានធ្វើអាជីវកម្មជួសជុលកែច្នៃដំឡើងយានយន្តសរុប ៩៧១ទីតាំង ក្នុងនោះអត់ច្បាប់មាន៣៩០ទីតាំង។ ដោយឡែកក្នុងខណ្ឌសែនសុខ មាន១១០ទីតាំង មានច្បាប់អនុញ្ញាតតែ ៧៣ទីតាំង៕ ដោយ៖ សួស សំរិត