ឯកឧត្តម ឈិត សុខុន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរធម្មការនិងសាសនា ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ នាព្រឹកថ្ងៃ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រតិភូក្រសួង អភិបាលរងខេត្ត នាយករដ្ឋបាល ព្រះមេគុណទាំងពីរគណៈ ប្រធាន អនុប្រធាន និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារជាច្រើនរូបទៀត ។

ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថ្លែង អំណរគុណដល់វត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរធម្មការ និងសាសនា នាពេលនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ ក្នុងខេត្តឱ្យទទួលបាននូវភាពស្និទ្ធស្នាល និងចំណេះដឹងថ្មីៗបន្ថែមទៀត ជាពិសេសបានបញ្រ្ជាបបន្ថែមនូវវិធីបង្កា និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងប្រទេសនៅក្នុងពិភពលោកទាំងមូល។

ម្យ៉ាងទៀតគឺដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឱ្យប្រទេស ឱ្យមានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ មានការគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាស នា ព្រមទាំងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ។ ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គមដែលបណ្តាលមកពី ភាពខុសគ្នាខាងជំនឿ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានកោតសសើរចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់ខេត្តមានការរីកចម្រើនជាលំដាប់ ក្រោមដំបូលនៃសុខសន្តិភាព និងគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយឡែកវិស័យសាសនាក៏មានការរីកចម្រើន សុខដុមនីយកម្មជាមួយគ្នាផងដែរ ។ ជាក់ស្តែងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានយកចិត្តទុកដាក់យ៉ាង ខ្លាំងតាមរយៈការកសាងព្រះវិហារ វត្តអារាមនៅគ្រប់ទីកន្លែងនៅទូទាំងខេត្ត ក្នុងប្រទេសរបស់យើង ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់មន្រ្តីមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំបម្រើការងារដែលថ្នាក់លើប្រគល់ជូន មាន ទំនាក់ទំនងល្អ និងសុខដុម មិនត្រូវរើសអើងសាសនាណាមួយឡើយ ។ លើសពីនេះទៀតត្រូវបន្តផ្សព្វផ្សាយ និងផ្តល់នូវម៉ាស សាប៊ូលាងដៃ និងទឹកអាល់កុល ទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាវត្តអារាមនៅទូទាំងខេត្ត និងត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារមានសាសនាដែលកំពុងប្រតិបត្តិមានចំនួន ២គឺព្រះពុទ្ធសាសនា មានវត្តចំនួន១១៥វត្ត និងព្រះសង្ឃចំនួន៨០៣អង្គ អាចារ្យចំនួន ៣២២នាក់ និងយាយជីតាជីចំនួន ៤២៨នាក់ ។ ឥស្លាមសាសនាមានវិហារថ្វាយបង្គំចំនួន៨កន្លែង និង មានបរិស័ទចំនួន១៥២៤នាក់ ។ គ្រិស្តសាសនា មានស្នាក់ការថ្វាយបង្គំចំនួន៣៥កន្លែង មាន ព្រឹទ្ធាចារ្យ ឬគ្រូគង្វាលចំនួន៣៥នាក់ និងបរិស័ទចំនួន ១.៧៥៥នាក់ ៕ ដោយ៖ទិត ស្រ៊