រដ្ឋបាលខេត្តរតនគិរី ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធី និងកិច្ចបញ្ជីការនៃការអនុវត្តចំណូលពីកម្រៃសេវារបស់អង្គភាពច្រកចេញ-ចូលតែមួយជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

AKP រតនគិរី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

នៅរសៀលថ្ងៃ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលា ស្ដីពីនីតិវិធី និងកិច្ចបញ្ជីការនៃការអនុវត្តចំណូលពីកម្រៃសេវារបស់អង្គភាពច្រកចេញ-ចូលតែមួយរាជធានី ខេត្ត តាមរយៈVideo Conference ជាមួយរដ្ឋបាលខេត្តរតនគិរី ដោយមានការចូលរួម ពីឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

តាមរយៈVideo Conference ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា នេះជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយពីនីតិវិធី និងកិច្ចបញ្ជីការនៃការអនុវត្តចំណូល ពីកម្រៃសេវារបស់អង្គភាពច្រកចេញ-ចូលតែមួយរាជធានី ខេត្ត និង ចំណូលពីកម្រៃសេវា និងចំណូលពីការពិន័យជាប្រាក់ដែលប្រមូលនៅមន្ទីរអង្គភាពជំនាញរាជធានី ខេត្ត ជូនដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់បានយល់ដឹង និងជ្រួតជ្រាបពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អង្គសិក្ខាសាលាបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន ក្រោមការសម្របសម្រួលពី ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមបកស្រាយពីវាគ្មិនចំនួនបីរូបគឺ ឯកឧត្តម ឈាង ហៀង តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ លោក ហ៊ីង ចន្ទបូរ៉ា តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តរតនគិរី)