អភិបាលខេត្ត អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវខាងលិចស្ពានថ្មថ្មី ក្បែរស្ពានថ្មចាស់ ទល់មុខអគារចាស់សាលាខេត្ត

AKP បាត់ដំបង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

នៅថ្ងៃ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវថ្មីឡើងស្ពានថ្មថ្មី (១៣មករា) ក្បែរស្ពានថ្មចាស់ ទល់មុខអគារចាស់សាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីនាយកទីចាត់ការផែនការ និង វិនិយោគសាលាខេត្ត តំណាងក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ផងដែរថា ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយនឹងស្ពានថ្មចាស់ ដែលប្រវត្តិសាស្ត្របានបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ដោយកងកម្លាំងវិស្វកម្ម ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ដោយបានសាងសង់ចប់ ១០០% ផងដែរ។

នៅក្នុងដំណើរចុះពិនិត្យនោះដែរ ឯកឧត្តម ងួន រតនៈ បានពិនិត្យអំពីលក្ខណៈបច្ចេក ទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដោយស្ថាបនាចាក់បេតុង និងអ៊ុតកៅស៊ូ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។ ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅនឹងស្ពានថ្មចាស់ ដែលមានបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ខែសីហា ឆ្នាំ២០២០ឆាប់នេះផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)