ក្រសួងបរិស្ថានប្រជុំផ្សព្វផ្សាយ ស្តីពី ការណែនាំអំពីគោលការណ៍នីតិវិធី និងក្របខ័ណ្ឌ ពេលវេលា សម្រាប់ដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន នៅថ្ងៃ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«ការណែនាំអំពីគោលការណ៍ នីតិវិធី និងក្របខ័ណ្ឌពេលវេលា សម្រាប់ដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូ ក្នុងវិស័យបរិស្ថានឆ្នាំ២០២០»។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កិច្ចប្រជុំខាងលើមានការចូលរួមពី អគ្គនាយក អនាយករង ប្រធានមន្ទីទាំង ២៥រាជធានី ខេត្ត ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

ប្រភពខាងលើបន្តថា នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានណែនាំពីគោលបំណង និងសារៈសំខាន់នៃការវាតម្លៃ និង នីតិវិធីនៃការអនុវត្តចាប់ពីការទទួលពាក្យរហូតដល់ទទួលលទ្ធផល។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក៏បានសង្កត់ធ្ងន់លើស្ថាប័នចំណុះក្រសួងបរិស្ថានទាំងអស់ ចូលរួមអនុវត្តន៍សកម្ម ភាពប្រឡងប្រណាំងនេះ ព្រោះវាជាការវាស់ស្ទង់ពីការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងាររបស់ស្ថាប័នយើង។

ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព របស់អង្គភាពចំណុះក្រសួងបរិស្ថាន ក្នុងការអនុវត្តកិច្ចការផ្តល់សេវាការងារក្នុងក្របខ័ណ្ឌ វិស័យបរិស្ថាន ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថាន សំដៅឆ្ពោះទៅសម្រេចឱ្យបានជោគជ័យក្នុងគោលនយោបាយគឺ« កិច្ចគាំ ពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព »៕ ដោយ៖ពេជ្រ ណារិទ្ធ