រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ត្រូវ​អនុវត្តន៍​ប្រកបដោយ​ស្តង់ដារ​មិនមែន​បើក​ទាំង​ប្រថុយប្រថាន​ឡើយ​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០
ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ពី​វិធានការ​នៃ​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សា​ក្នុងដំណាក់កាល​ទី​២ ដើម្បី​ធានាបាន​ថា​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ដែល​នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​ស្ដង់ដារ និង​សុវត្ថិភាព​។ នេះ​បើ​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ រួមមាន នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរអប់រំ យុវជន និង​កីឡា​គ្រប់​ខេត្ត ក្រុង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ឯកឧត្ដម​បណ្ឌិតសភា ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ការបើក​ដំណើរការ​ឡើងវិញ​នៃ​គ្រឹះស្ថានសិក្សា​នេះ មិនមែន​បើក​ទាំង​ប្រថុយប្រថាន​នោះទេ គឺ​បើក​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព ដោយ​អនុវត្តន៍​តាម​ស្តង់ដារ SOP តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សាលា​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព អនាម័យ រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេស​ធានា​នូវ​គម្លាត​សុវត្ថិភាព ចៀសវាង​កុំឱ្យ​សិស្ស​ជួបជុំគ្នា ដោយមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

ក្នុង​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចែងថា សាលារៀន ត្រូវ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យា​ប័ន្ន ផាសុកភាព និង​មេត្រីភាព កៅអីអង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់​២​ម៉ែត្រ និង​រៀបចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិនឱ្យ​លើសពី​១៥ ទៅ​២០​នាក់​ក្នុង​មួយ​ថ្នាក់ កាត់បន្ថយ​ការប្រមូលផ្ដុំ​ជាដើម​។

​​សូមបញ្ជាក់​ផងដែរ​ថា គ្រឹះស្ថានសិក្សា​នឹង​បើក​ដំណើរការ​ឡើងវិញ​ដំណាក់កាល​ទី​២​នា​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​។ ដោយឡែក​ឆ្នាំ​សិក្សា​២០២០-២០២១ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​តទៅ​៕​ដោយ រិទ្ធី​