ប្រទេសជាសមាជិកមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នា ក្នុងការស្ដារវិស័យទេសចរណ៍​នាពេលបច្ចុប្បន្ន និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

ខណៈការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែអូសបន្លាយអស់ពេលជាច្រើនខែមក ហើយ នោះ បានធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសជាច្រើន ក៏បានខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍របស់ខ្លួនខ្លាំងណាស់ដែរ ដោយប្រទេស ខ្លះអាច ទប់ទល់ស្ថានការណ៍បាន រីឯប្រទេសខ្លះទៀតក៏ជួបនូវការបរាជ័យទៅវិញក៏មាន។

ជាក់ស្ដែង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេ មេគង្គរួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូខន់ហ្វឺរិន ក្នុងគោលបំណងរួម គឺធ្វើយ៉ាង ណាត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញឱ្យបាននាកំលុងពេល និងក្រោយពេល វិបត្តិជំងឺកូវីដ-១៩។

ថ្វីដ្បិតកិច្ចប្រជុំនេះ ជារឿងរបស់ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានអ្នកចូលរួមផ្សេងទៀតមកពីជុំវិញពិភពលោក ដែលមានទាំងស្ថាប័ន សាធារណៈ និងផ្នែកឯកជនសរុបប្រមាណ ១,០០០នាក់។ ភាគីកម្ពុជាត្រូវបានដឹកនាំការ ចូលរួមដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមចែករម្លែកបទពិសោធន៍ជាច្រើនជូនអង្គប្រជុំអនឡាញនេះ។

ប្រធានបទដែលបានលើកយកមកពិភាក្សា គឺមានដល់ទៅ ១០ជំពូក ពាក់ព័ន្ធនឹង កិច្ចការនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាល នៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ការអនុវត្តគោលការណ៍នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ពីគោលដៅទេសចរណ៍មាន សុវត្ថិភាពទៅកាន់គោលដៅទេសចរណ៍ដែលមានសុវត្ថិភាពមួយទៀត និងកិច្ចពិភាក្សាលើ ការដោះស្រាយផលប៉ះពាល់វិបត្តិកូវីដ១៩ និងការស្តារវិស័យទេសចរណ៍ ក្នុងតំបន់ឡើងវិញជាដើម។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការ តស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាមិនបាននៅ ស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោមការគាំទ្រពី សំណាក់អង្គការសុខភាពពិភពលោកផងនោះ បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័ន អង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធ ប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះក្រសួងទេសចរណ៍ក៏តែងចេញធ្វើសកម្មភាព ជាប់ជាប្រចាំនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ មូលដ្ឋានអាជីវកម្មសេវាកម្មម្ហូបអាហារ អាជីវកម្មសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។

ការខិតខំនេះគឺដើម្បីធ្វើយ៉ាងណាអាចស្ដារវិស័យទេសចរណ៍ ក្នុងប្រទេសបានខ្លះ ដើម្បីជួយកុំ ឱ្យជួបនូវវិបត្តិដុនដាបខ្លាំងពេក ក្នុងនោះក្រសួងទេសចរណ៍បាន ជំរុញឱ្យមាន ចលនាទេសចរក្នុងស្រុកខ្លះៗ ដោយភ្ជាប់ជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ផ្នែកខាងលើ ដើម្បីឱ្យដង្ហើមវិស័យ ទេសចរណ៍ជាតិនៅតែអាចរស់បាន។

ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ក្រសួងទេសចរណ៍តែងបាន ស្វែងរកកិច្ចសហប្រតិបត្តិការ និងកិច្ចសហការពីសំណាក់ដៃគូជាតិ-អន្តរជាតិនានា ដើម្បីពង្រឹងការអនុវត្តការងារសំខាន់ក្នុងវិស័យទេសចរណ៍របស់ខ្លួនជារឿយៗ។ អ្វីដែលគួរឱ្យ កត់សម្គាល់ក្នុងកិច្ចប្រជុំនេះ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាច្រើនបានសម្លឹងឃើញថា កម្រិតនៃការឆ្លងជំងឺកូវីដនៅក្រុមប្រទេសមហា អនុតំបន់ ទន្លេមេគង្គ គឺនៅមានកម្រិតតិចតួចជាងតំបន់ដទៃ ដែលទៅថ្ងៃមុខគួរ តែរៀបចំឱ្យមាន ទេសចរមកលេងកម្សាន្តបាន ប៉ុន្តែក៏ត្រូវតែធានាសុវត្ថិភាពទេសចរណ៍ខ្ពស់ និង ច្បាស់លាស់ដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រទេសក្នុងតំបន់នេះមិនទាន់ហ៊ានទទួលយកភ្ញៀវ ទេសចរអន្តរជាតិបាននៅឡើយទេ ពីព្រោះហានិភ័យពីខាងក្រៅនៅមានកម្រិតខ្ពស់នៅឡើយ គឺមានតែភ្ញៀវទេសចរក្នុងស្រុកខ្លះៗប៉ុណ្ណោះ តួយ៉ាងដូចជាកម្ពុជា ថៃ ចិនជាដើម។
សម្រាប់កម្ពុជា ទោះបីមិនទាន់អាចទទួលយកទេសចរអន្តរជាតិបាន ក៏កម្ពុជានៅ តែរៀបចំខ្លួនជាប់ជាប្រចាំ ដូចជា ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់ ការជំរុញឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់នឹង សម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ការបង្វឹកបំប៉ន និងបណ្ដុះបណ្ដាលធនធាន មនុស្សក្នុង វិស័យទេសចរណ៍បន្ថែម ការលើកស្ទួយ និងជំរុញឱ្យមានការវិនិយោគ លើវិស័យកសិកម្ម ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ពិសេសគឺការទប់ស្កាត់ មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទៅកាន់អង្គប្រជុំ «The 1st Destination Mekong Summit»។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃ ឈប់សម្រាកកាលពីកំលុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ ដោយកំលុងពេល៥ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១.៤លាននាក់។ អ្វីដែលឱ្យរីករាយនោះ គឺគ្មានរកឃើញថាមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់ នោះឡើយ។

ចំណុចថ្មីមួយទៀតនៅក្នុងកិច្ចប្រជុំនេះ គឺប្រទេសថៃបានលើកឡើងពីគម្រោង ចង់ពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ដើម្បីពិនិត្យលើលទ្ធភាពអនុវត្តន៍ នយោបាយទេសចរណ៍ «Green Travel Bubble» ជាលក្ខណៈទ្វេភាគី ឬត្រីភាគី ហើយប្រសិនបើជោគជ័យ គេនឹងអាចឈានដល់ពហុភាគីថែមទៀត៕

 

ដោយ ម៉ៅ ចរិយា