ផ្ទៃដីដាំដុះស្វាយកែវរមៀត នៅខេត្តប៉ៃលិន បានកើនឡើងដល់ប្រមាណ ៥ពាន់ហិកតា  ដើម្បីតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស

AKP ប៉ៃលិន ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

លោក សាយ សុផាត   ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ២៦ ខែសីហានេះថា បច្ចុប្បន្នប្រជាកសិករនៅខេត្តប៉ៃលិន កំពុងពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ លោកបន្តថា ផ្ទៃដីដាំដុះស្វាយ កែវរមៀតនោះ បានកើនឡើងពីប្រមាណ ៤ពាន់ហិកតា នាពេលកន្លងមក  ឥឡូវនេះកើន ដល់ទៅប្រមាណ ៥ពាន់ហិកតា នៅក្នុងឆ្នាំ២០២០នេះ។

លោក សាយ សុផាត បានបញ្ជាក់ថា  ផែនការដាំដុះស្វាយកែវរមៀតខេត្តប៉ៃលិន បច្ចុប្បន្នបានសម្រេចតាមផែនការប្រមាណ ៩០ភាគរយហើយ។ សម្រាប់ផែនការនាំចេញ ស្វាយទៅកាន់ក្រៅស្រុករំពឹងប្រមាណ ៧០ភាគរយ ដោយសារចាំមើលលទ្ធផលនៃការ ប្រមូលផល។ ប្រធានមន្ទីរកសិកម្មរូបនេះ បានបន្តទៀតថា បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួង កសិកម្ម ក៏បាន និងកំពុងផ្សព្វផ្សាយណែនាំ និងបណ្តុះបណ្តាលបច្ចេកទេសដាំស្វាយស្រប តាមស្តង់ដារ សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ។

បើយោងតាមរបាយការណ៍ ក្រសួងកសិកម្ម  បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ដើម ឆ្នាំ២០២០ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ជាផ្លូវការបានចំនួន៤៤ ០៩៩តោន។ ដែល ចំនួននេះបានកើនឡើងជាងពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩ ដែលមានចំនួនតែប្រមាណ ២៩២១៤តោន ៕

ដោយ សួស សំរិត