ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ជជែកគ្នាអំពីទីផ្សារអង្ករ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ —

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង សហព័ន្ធស្រូវអង្ករកម្ពុជា បានជួបគ្នា ពិភាក្សាលើបច្ចុប្បន្នភាពទីផ្សារស្រូវអង្ករ និងស្ថានភាពនៃការប្រមូលផល ដើម្បីសិក្សាអំពីលទ្ធភាពនៃការផ្តល់ទុនកម្ចីពីរាជរដ្ឋាភិបាល ។

ជំនួបនេះបានរៀបចំឡើងនៅការិយាល័យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមនឹងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលដឹកនាំដោយ លោកឱកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ។

នៅក្នុងជំនួបនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងជាសំណូមពរផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជនក្នុងវិស័យស្រូវអង្ករកំពុងជួបប្រទះ ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមូលដ្ឋានដើម្បីរាយការណ៍ និងសុំមតិណែនាំពីថ្នាក់ដឹកនាំ ជាពិសេសទាក់ទងទៅនឹងកញ្ចប់ថវិកាកម្ចី និងសំណើសុំពន្យារពេលសងត្រឡប់ប្រាក់កម្ចី។

ទាក់ទងទៅនឹងសំណើដែលសហព័ន្ធបានលើកឡើង លោកអគ្គនាយកបានទទួលយកសំណើ តែសូមលើកយកទៅសិក្សា និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន៕

ដោយ ហេង បញ្ញា
រូបថត៖ ស.អ.ក