ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ រម្លឹកក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋឱ្យ​បានល្អ

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ ឯកឧត្តម ប៉ុល លឹម បានរម្លឹកដល់ ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តការយកចិត្ត ទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរឡើង ថែមទៀត។

ការថ្លែងលើកឡើងរបស់ឯកឧត្តមបែបនេះ ក្នុងឱកាសសំណេះសំណាល រវាងក្រុម ការងារសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សា ស្រុកក្រុង ឃុំសង្កាត់ នាយប៉ុស្តិ៍នគរ បាលរដ្ឋបាល ក្នុងស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីស្តាប់នូវការលើកឡើងពីសកម្មភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈមនានា តម្រូវការជាអាទិភាព​របស់មូលដ្ឋា​ន។

ឯកឧត្តម ប៉ុល លឹម បានបញ្ជាក់ថា មន្ត្រីក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ នគរបាល ប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវចងចាំឱ្យច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្ម័គ្រត្រង់ របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋនោះទេ។ ហេតុនេះអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ត្រូវ តែរួមសាមគ្គីគ្នាបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ប្រមូលផ្តុំបង្កើន ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ បន្តបម្រើសេវារដ្ឋបាលខិតខំដោះស្រាយ ក្តីកង្វល់សំណើ និង សំណូមពរនានា របស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈរបស់ ក្រុមការងារថ្នាក់ជាតិ ក៏ដូចជាវេទិកា របស់ក្រុមប្រឹក្សាខេត្តក្រុង ស្រុក ឃុំ សង្កាត់ ឬតាមរយៈតំណាង របស់ ប្រជាពលរដ្ឋ ដើម្បីបំពេញតាមតម្រូវការ​របស់ពួកគាត់ឱ្យ បានទាន់ពេលវេលានោះ។

ក្នុងឱកាសនោះឯកឧត្តម ប៉ុល លឹម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំប្រឹងប្រែងដឹកនាំការបម្រើសេវាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ កន្លងមកនេះ ហើយត្រូវបន្តយកចិត្តទុកដាក់ឱ្យបានប្រសើរជារៀងរហូត មិនតែ ប៉ុណ្ណោះធ្វើយ៉ាងណាឱ្យសមជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រសូត្រឡើងពីការ បោះឆ្នោត របស់ប្រជាពលរដ្ឋពិតៗថែមទាំងបម្រើគ្រប់សេវារបស់ពួកគាត់វិញ។ ចៀសវាងធ្វើ អ្វីឱ្យមាន ល្អក់កករ ដល់ទឹកចិត្តប្រជាពលរដ្ឋ ហើយត្រូវឈប់ឱ្យកើតមាន​ភាពមិនប្រក្រតីនានា ត្រូវលើក យកមកដោះស្រាយ ក្នុងជួរក្រុមប្រឹក្សាឱ្យបានល្អិតល្អន់ តាមឆន្ទៈឯកភាពរួម។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងទៀតថា ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ​សង្កាត់ ​ ស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចឱ្យទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ នោះ ដូច្នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ ទាំងអស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាលផងដែរ​៕

ដោយ ឈុនសារ៉ាត