ប្រធានមន្ទីរ​កសិកម្មខេត្តសៀមរាបបង្ហាញថា ទីផ្សារស្រូវដើមរដូវប្រមូលផលឆ្នាំនេះ អាចល្អជាងឆ្នាំមុន ខណៈអឺរ៉ុប និងចិន កំពុងតែបញ្ជាទិញអង្ករពីកម្ពុជា

AKP សៀមរាប ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

នៅក្នុងឱកាសចុះពិនិត្យមើលសកម្មភាពច្រូតកាត់ប្រមូលផលស្រូវ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការងារបង្កបង្កើន ផលស្រូវរដូវវស្សានៅខេត្តសៀមរាប ឆ្នាំ២០២០នេះ សម្រេចបានសរុបជិត១៩ម៉ឺនហិកតា ស្មើនឹង១០១.៤៧ភាគរយនៃផែនការ ក្នុងនោះស្រូវស្រាលអនុវត្តន៍បានជាង៤ម៉ឺនហិកតា ស្រូវកណ្តាលជាង១ម៉ឺនហិកតា និងស្រូវធ្ងន់បានជាង៣ម៉ឺន៥ពាន់ហិកតា។

លោកបន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ ស្រុកពួកអនុវត្តន៍ បាន ជាង២ម៉ឺន៥ពាន់ហិកតា ហើយកំពុងច្រូតកាត់ប្រមូលផលស្រូវស្រាល បានប្រមាណជា ២០០ហិកតាហើយ លើផ្ទៃដីស្រូវស្រាលជិត៣ពាន់ហិកតា ក្នុងទិន្នផលក្នុង១ហិកតា ២តោនកន្លះ។ ដូចគ្នានេះដែរ ក្រុងសៀមរាបក៏កំពុងមានសកម្មភាព ប្រមូលផលស្រូវ ស្រាល ផងដែរ បានប្រមាណជា៤៥០ហិកតាហើយ លើផ្ទៃដីដែលអនុវត្តន៍បានជាង៤ ០០០ហិកតា ក្នុងទិន្នផលប្រហែលជា៣តោនកន្លះក្នុងហិកតា។

លោក ទា គឹមសុទ្ធ សង្ឃឹមថា ទីផ្សារស្រូវឆ្នាំនេះ និងល្អជាងឆ្នាំមុន ព្រោះថា បញ្ហាកូវីដ១៩ គឺប៉ះពាល់ច្រើនទៅតែលើប្រទេសវិស័យឧស្សាហកម្ម និងវិស័យសេវា ចំពោះ ប្រទេសកម្ពុជាយើងជាប្រទេសមួយបម្រើលើវិស័យកសិកម្មច្រើន ចឹងស្រូវប្រហែលជា មិនមានបញ្ហាតម្លៃទីផ្សារនោះទេ។

លោកថា បច្ចុប្បន្ននេះ​ ខាងសហភាពអឺរ៉ុបក៏បានបញ្ជាទិញ ជាពិសេស គឺប្រទេស ចិនក៏បានប្រមូលទិញ ហើយប៉ុន្មានខែមកនេះ យើងបានប្រមូលស្រូវពីបណ្តាខេត្ត មួយ ចំនួនដែលបានប្រមូលផលដើមរដូវប្រមាណជាង១លានតោនហើយនាំយកទៅ ប្រទេស វៀតណាម ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ ដើម្បីឱ្យធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្មនេះ ជួយធ្វើយ៉ាងឱ្យតម្លៃកសិផល កសិកម្ម របស់កសិករយើង ឱ្យមានតម្លៃខ្ពស់។

នៅក្នុងអំឡុងពេលដើមរដូវនៃការប្រមូលផលស្រូវនេះ ប្រជាកសិករក្នុងសហគមន៍ បានឱ្យដឹងថា តម្លៃស្រូវកំពុងស្ថិតក្នុងភាពល្អប្រសើរ គឺពួកគាត់លក់ស្រូវសើមបានពី៨០០ ទៅ ៨៥០រៀលក្នុង១គីឡូក្រាម បើជាស្រូវស្ងួតវិញពួកគាត់អាចលក់បាន ពី១១០០ ទៅ១២០០រៀល ក្នុង១គីឡូក្រាម គឺវាខុសគ្នាកាលពីឆ្នាំមុន ដែលពួកគាត់លក់ស្រូវស្ងួត បានតែពី៦៥០ទៅ៧០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម៕

ដោយ ឃុត សៅ