ខេត្តក្រចេះបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលសេចក្តីណែនាំស្ដីពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក

AKP ក្រចេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយរដ្ឋបាលខេត្តក្រចេះបានបើក សិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលសេចក្តីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការ ផ្ដល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកកាលពីព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ក្រោអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋ លេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាការដឹកនាំកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងសិក្ខាកាម មកពីខេត្តចំនួន៥គឺ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ប្រមាណជាង១៥០នាក់។

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានោះឯកឧត្តម សួន រចនា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នេះគឺជាឱកាសដ៏មានតម្លៃក្នុងការ ពីភាក្សា និងពិគ្រោះយោបល់ពីតួអង្គពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បី ឈានទៅផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព និងតម្លាភាពស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការងារកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាស្នូលនៃកំណែទម្រង់អភិបាលកិច្ច។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា ទន្ទឹមនឹងកម្ម វិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់ កាលទី១ដែល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានកំពុងរៀបចំកម្មវិធីជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ បន្តទៀតដើម្បីពង្រឹងនិងពង្រីកការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤របស់រាជរដ្ឋាភិបាល សំដៅលើក កម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ និង ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ ក្នុងគោលបំណងរួមចំណែកសម្រេចឱ្យបានគោល ដៅប្រែក្លាយកម្ពុជា ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្ដម សួច រចនា បានឱ្យដឹដែរថា តាមរយៈការធ្វើបទបង្ហាញដោយក្រុមបច្ចេក ទេស មុខងារ នៃក្រសួងសាធារណការនិងដឹកជញ្ជូន សិក្ខាកាមទាំងអស់ និងយល់ដឹងថែម ទៀតអំពីបែបបទនៃនីតិវិធីការផ្ដល់សេវារដ្ឋបាល ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹកនៅរដ្ឋបាល រាជធានី ខេត្ត ការចុះបញ្ជីនាវា ការវាស់វែង ការគណនា ការគ្រប់គ្រង ការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក ការធ្វើនាវាចរប្រកបដោយសុវត្ថិភាពតាមផ្លូវទឹក និងការចុះអនុវត្តន៍ជាក់ ស្ដែង៕  

ដោយ ជួន សុជាតិ