អាកាសយានដ្ឋានតារាសាគរ ក្នុងខេត្ដកោះកុង នឹងបញ្ចប់ការសាងសង់នៅដំណាក់កាល​ទី១ នៅចុងឆ្នាំ២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development អភិវឌ្ឍន៍​អាកាស​យានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុងបានអះអាងថា អាកាសយានដ្ឋាន​តារា​សាគរ នឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី១ នៅចុងឆ្នាំ២០២០នេះ តាមគម្រោង និងផែនការរបស់ក្រុមហ៊ុន។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងរាយ​ការណ៍អំពីវឌ្ឍនភាពការងារជូនឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០។

លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល បានរាយការណ៍អំពីវឌ្ឍនភាព​ការងារ​សាងសង់អាកាសយានដ្ឋានអន្តរជាតិដែលបានប្រព្រឹត្តទៅតាមផែនការ និងស្នើសុំគាំទ្រ​ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបន្តជួយដល់គម្រោងសាងសង់បន្ថែមទៀត។ លោកក៏បានកោត​សរសើរចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានគាំទ្រដល់គម្រោងសាង​​សង់អាកាស​យានដ្ឋានអន្តរជាតិតារាសាគរ នាពេលកន្លងមក។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអបអរសាទរចំពោះក្រុមហ៊ុន ដែលបាន​បញ្ចប់​ការសាងសង់តាមផែនការ និងបន្តគាំទ្រសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់បញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុង​ខេត្តកោះកុង ត្រូវ​បាន​គេដឹងថា មាន​ទឹកប្រាក់​វិនិយោគ​​ប្រមាណ​ ៣,៨ ពាន់លាន​ដុល្លារ​អាម៉េរិក ស្ថិត​ក្រោម​​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយឈ្មោះថា Union Development Group និងត្រូវ​បាន​វិនិ​យោគ​​លើ​​ដី​សម្បទានពីរាជរដ្ឋាភិបាល​កម្ពុជាដែលមានទំហំ​ផ្ទៃដី​សរុប ៤,៥ ម៉ឺន​ហិកតា៕​

ដោយ រិទ្ធី