កូរ៉េខាងត្បូងបញ្ជាឱ្យបុគ្គលិកពេទ្យដែលធ្វើកូដកម្មចូលធ្វើការវិញចំពេលមានការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៦.០៨.២០)

កូរ៉េខាងត្បូង៖ នៅថ្ងៃពុធទី ២៦ ខែសីហានេះកូរ៉េខាងត្បូងបានបញ្ជាឱ្យគ្រូពេទ្យនៅក្រុងសេអ៊ូលវិលត្រឡប់មកធ្វើការវិញ ខណៈដែលពួកគេបានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៣ ថ្ងៃដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលជាច្រើនដែលក្នុងនោះមានសំណើមួយដែលរដ្ឋភិបាលមានគម្រោងបង្កើនចំនួនវេជ្ជបណ្ឌិត  ដើម្បីដោះស្រាយវិបត្តិសុខភាព។

កូដកម្មបានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសឆ្លងដ៏អាក្រក់បំផុតមួយដោយមានករណីថ្មីចំនួន ៣២០ ករណីត្រូវបានរាយការណ៍នៅក្នុងរយៈពេលត្រឹម ២៤ ម៉ោង ។

រដ្ឋាភិបាលបាននិយាយថាគោលដៅរបស់ខ្លួនក្នុងការបង្កើនចំនួននិស្សិតពេទ្យចំនួន ៤.០០០ នាក់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺចាំបាច់ដើម្បីត្រៀមអោយបានល្អសំរាប់វិបត្តិសុខភាពសាធារណៈដូចជាវីរុសកូវីដ១៩នេះជាដើម។