ពិធីចាប់ឆ្នោត ជ្រើសរើសគូប្រកួតលីគកំពូលកម្ពុជា ជុំទី២

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០–

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០២០ បានចែកចេញជាពីរក្រុម សម្រាប់ការប្រកួតជុំទី២ ដើម្បីបង្រួញពេលវេលា ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ដោយការចាប់ឆ្នោតជ្រើសរើសគូប្រកួតនេះត្រូវបានធ្វើឡើងនៅពហុកីឡ ដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

គណៈកម្មការជាតិបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួត ក្រោយបញ្ចប់ការប្រកួតជើងទី១ ដោយ៧ក្រុមពីលេខ៧ដល់លេខ១៣ ត្រូវប្រកួតធម្មតាសម្រាប់ក្រុមទី២ ខណៈក្រុមទី១ គឺក្រុមលេខ១ដល់លេខ៦លើកំពូលតារាង ដូចជា បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, និងក្រុមណាហ្គាវើល ត្រូវបន្តប្រកួតប្រជែងដណ្តើមម្ចាស់ជើងឯក។

ចំពោះក្រុមទី២ ដែលឈរនៅបាតតារាង១ក្រុមនឹងត្រូវទម្លាក់ទៅក្រុមលីគទី២។ សម្រាប់ការប្រកួតជុំទី២ សប្តាហ៍ទី១៤នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០២០ដោយមាន៦ប្រកួត ក្នុងនោះក្រុមទី១ ប្រជែងជើងឯកមាន៣ប្រកួត ដែលជាការប៉ះគ្នារវាងក្រុមកងយោធពលខេមរភូមិន្ទ ប៉ះជាមួយណាហ្គាវើល ព្រះខ័នរាជស្វាយរៀង ប៉ះជាមួយភ្នំពេញក្រោន ខណៈវិសាខានឹងប្រជែងជាមួយក្រុមបឹងកេត។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតទាំងអស់គ្រោងនឹងបញ្ចប់នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០៕ ដោយ៖ហេង ណាលីន