សហព័ន្ធកីឡាសូហ្វតិន្នីស ប្រកាសប្រើវិធានការក្តៅ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០–

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយដាក់វិធានការក្តៅ ក្នុងគោលដៅពង្រឹងគុណភាពបច្ចេទេសរបស់ក្រុមជម្រើសជាតិឈុតធំ និងថ្នាលឱ្យកាន់តែប្រសើរ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១។

កិច្ចប្រជុំនេះដឹកនាំដោយលោក ជា សែន វិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដោយបានលើកទឹកចិត្តអត្តពលិក ឱ្យបន្តការប្រឹងប្រែងបន្ថែមទៀត ហើយប្រសិនបើកីឡាករ កីឡាការិនីសូហ្វតិន្នីសរូបណា ដែលប្រព្រឹត្តខុសវិន័យ មកហាត់មិនទៀតទាត់ មិនស្តាប់គ្រូបង្វឹក បទបញ្ជាផ្ទៃក្នុង ដែលសហព័ន្ធធ្លាប់បានកំណត់ នោះសហព័ន្ធនឹងប្រើវិធានការក្តៅជាក់ជាមិនខាន។

លោកបានឱ្យក្រុមជម្រើសជាតិឈុតធំ និងថ្នាលទាំងអស់ត្រូវត្រៀមចូលរួមហ្វឹកហាត់ជាមួយគ្រូជនជាតិកូរ៉េ ដែលនឹងមកដល់កម្ពុជា ដើម្បីជួយបង្វឹកឆាប់ៗនេះ។

សហព័ន្ធក៏បានជំរុញឱ្យអត្តពលិកកម្ពុជាត្រូវត្រៀមខ្លួនសម្រាប់ស៊ីហ្គេម២០២១នៅប្រទេសវៀតណាម ក៏ដូចជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូងនៅចុងឆ្នាំ២០២០នេះផងដែរ៕ ដោយ៖ហេង ណាលីន