កិច្ចប្រជុំលើកទី១របស់ក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម និងកម្ពុជា-ថៃ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០–

កាលពីថ្ងៃ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលផែនការសកម្មភាពទាំង៧៨ ដែលរៀបចំឡើងដោយក្រុមការងារចំពោះកិច្ច និងដើម្បីប្រមូលធាតុចូលបន្ថែមសំដៅឱ្យផែនការសកម្មភាពនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តន៍បានប្រកបដោយប្រសិទ្ធភាព និងបម្រើឱ្យឧត្ដមប្រយោជន៍រួម។

នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញ និងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅព្រំដែនបាវិត-ម៉ុកបៃ ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិយោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជា ឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចំពោះកិច្ច និងភាគីពាក់ព័ន្ធដែលបានសហការល្អរៀបរៀងផែនការសកម្មភាពនេះឡើង និងបានណែនាំឱ្យក្រុមការងារចំពោះកិច្ច យកធាតុចូលទាំង ឡាយដែលបានមកពីកិច្ចប្រជុំនេះទៅធ្វើការកែសម្រួល ផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើង និងរៀបចំផែនការសកម្មភាពទៅតាមកញ្ចប់សម្រាប់រយៈពេលខ្លី មធ្យម និង រយៈពេលវែង ជាពិសេសកញ្ចប់ផែនការសកម្មភាពបន្ទាន់ដែលត្រូវអនុវត្តន៍នៅចុងឆ្នាំនេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។

ជាពិសេស ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារចំពោះកិច្ច រៀបចំកិច្ចប្រជុំលើកទី២របស់ខ្លួន ដើម្បីពិនិត្យមើលផែនការសកម្មភាពទាំងនេះឱ្យបានល្អិតល្អន់ មុននឹងដាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេច៕ ដោយ៖ទេស ច័ន្ទសុធារី