បទយកការណ៍៖ តើកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះ ដើម្បីឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នោះ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

បេសកកម្មដ៏ធំចម្បងជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ដំណើរ​​ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវ​បានរាជរដ្ឋាភិបាលកម្ពុជាបង្កើតនូវគណៈកម្មាធិការជាតិមួយ កាលពីឆ្នាំ២០១៦ នៅក្នុង​សម័យប្រជុំពេញអង្គរបស់ខ្លួន គឺគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។ តើកម្ពុជាបាន ត្រៀមខ្លួនអ្វីខ្លះ ក្នុងការសម្រេចជោគជ័យជាប្រវត្តិសាស្ត្រ ជាលើកដំបូងរបស់ខ្លួននោះ?

បន្ទាប់ពី CAMSOC ត្រូវបានបង្កើតឡើងគេសង្គេតឃើញ គណៈកម្មាធិការជាតិ​មួយ​នេះ​ធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយអនុលោមតាមផែនការមេ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ពហុកីឡដ្ឋាន​ជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលពហុកីឡដ្ឋានជាតិថ្មី​មួយនេះគឺជាបណ្តុំការប្រកួតកីឡាភាគច្រើន ជាពិសេសគឺពិធីបើក-បិទផ្លូវការ នៃស៊ីហ្គេម ឆ្នាំ២០២៣។ CAMSOC កំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិទាំងអស់ ដែលគ្រោងរៀបចំឱ្យមានពី៣២​ ទៅ៣៥​ប្រភេទ​កីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមាន​វិសាលភាពនៃសកម្មភាពផ្សព្វផ្សាយនៃអាជ្ញាធររាជធានី-ខេត្តទាំង២៥ ព្រមទាំងការផ្សព្វ​ផ្សាយ ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានឈ្វេងយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការទទួល​ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ដើម្បីជំរុញឱ្យមានការចាប់ផ្តើមនូវដំណាក់កាលដ៏សំខាន់មួយនេះ ក្នុងគោល​ដៅ​ពញ្ញាក់​ស្មារតីគ្រប់សមាសភាពពាក់ព័ន្ធ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាសមាជិក​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ចំនួន១០ផ្សេងទៀត គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី​អាគ្នេយ៍ ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រកាសជ័យលាភីស្នាដៃជូនដល់បេក្ខជនជ័យលាភី ដែល​ឈ្នះស្នាដៃនិមិត្តសញ្ញា (Logo និមិត្តសញ្ញា (Mascot) និងចាប់ផ្តើមរាប់ថយ​ក្រោយ​១,០០០ថ្ងៃ កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ​មរតក​តេជោ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជម្រាបជូនអំពីអត្ថន័យខ្លឹមសារយ៉ាងលម្អិត នៃស្លាកសញ្ញា និមិត្តសញ្ញា និង​បាវចនា (ឬពាក្យស្លោក) (Logo-Mascot-Moto) ដូចជា ទី១-អំពី «ស្លាកសញ្ញា-LOGO» មាន​និមិត្តរូបប្រាសាទអង្គរវត្តពណ៌ទឹកមាស រូបនាគព័ន្ធ៤ពណ៌ខុសគ្នា ជាមួយរូបកងចំនួន១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia Phnom Penh”។ រីឯស្លាកសញ្ញាការប្រកួតកីឡា​ជនពិការ​មាននិមិត្តរូបដូចគ្នា ខុសតែស្លាកសញ្ញាកីឡាជនពិការអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។ ខ្លឹមសារ​អត្ថន័យ អត្ថរសនៃ Logo ទាំងពីរបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណ​ជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់ជាមួយនឹងស្មារតីនាគព័ន្ធ គឺសាមគ្គីភាព សហ​ប្រតិ​បត្តិការនៃបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក SEA Games។ ទី២-អំពី «និមិត្តសញ្ញា (ឬរូបសត្វតំណាង) Mascot» គឺជានិមិត្តរូបសុភាទន្សាយញីឈ្មោល​​ចំនួន​ពីរមានឈ្មោះថា “បុរី” ជាតួអង្គប្រុស និង “រំដួល” ជាតួអង្គស្ត្រី ដែលតួអង្គប្រុសដៃស្តាំ​កាន់​ភ្លើងគប់កីឡា តួអង្គស្រ្តី សំពះស្វាគមន៍ភ្ញៀវ ហើយតួអង្គទាំងពីរបញ្ចេញទឹកមុខ និងស្នាម​ញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូ និងភ្ញៀវ SEA Games លើកទី៣២ ឆ្នាំ២០២៣។ ចំណែកការគ្រងសម្លៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជា​ប្រភេទកីឡាអត្តសញ្ញាណជាតិ គឺជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយ​ជាតិ​ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្ស​ជាតិរបស់អង្គការ UNESCO ផងដែរ។ ចំពោះខ្លឹមសារអត្ថន័យ អត្ថរសនៃ Mascot គឺជារូប​សុភាទន្សាយតំណាងឱ្យតួអង្គសន្តិភាពនិយម ជាតួអង្គសុភាពរាបសារ ទន់ភ្លន់ បញ្ញា​ឈ្លាសវៃ យុត្តិធម៌គួរឱ្យស្រឡាញ់ នៃប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់ ពិសេសគុណសម្បត្តិ និងគុណតម្លៃដ៏អស្ចារ្យនៃសុភាទន្សាយបានលេចត្រដែតក្នុងរឿងនិទានខ្មែរ ដែលជាអក្សរ​សិល្ប៍ប្រជាប្រិយខ្មែរដ៏ល្អឥតខ្ចោះ។ ម្យ៉ាងទៀត ឆ្នាំ២០២៣ គឺជាឆ្នាំថោះ ឆ្នាំសត្វទន្សាយ​ផងដែរ។ ទី៣-អំពី «បាវចនា-Motto» គឺ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» ដែលមានអត្ថន័យស៊ីជម្រៅ ក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើប​កីឡាមាន​ជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ។ ជាមួយគ្នានេះដែរ SEA Games លើកទី៣២ ឆ្នាំ២០២៣ កើតមានបានដោយសារកម្ពុជាមានសន្តិភាព ជាកត្តាសត្យានុម័ត។ គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ គ្មានសន្តិភាព គ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិ​រៀប​ចំ​ប្រកួតកីឡា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មាន SEA Games នៅកម្ពុជាផងដែរ។

សម្រាប់បេក្ខជនជ័យលាភីទាំងពីររូប ដែលឈ្នះស្នាដៃនៃការប្រកួតប្រជែងជា​សាធា​រណៈ គឺលោក នាង វិសាល ម្ចាស់ជ័យលាភីស្លាកសញ្ញាបានបង្ហាញនូវអារម្មណ៍រំភើបខ្លាំង ដែលក្លាយជាម្ចាស់ជ័យលាភី និងត្រូវបានកម្កល់ទុកតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ជាតិ​ទាំងមូល។ លោកអះអាងថា នេះគឺជាកិត្តិយសដ៏ធំធេងរបស់លោក ក៏ដូចជាក្រុមគ្រួសារ និងមិត្តភក្ដិ ដែលបានផ្តល់ជាគំនិតក្នុងការរចនារហូតដល់មានការសម្រេចជ្រើសរើស ការ​កែសម្រួលជាច្រើនលើក បន្ទាប់ពី CAMSOC បើកឱ្យប្រកួតប្រជែងស្នាដៃជាសាធារណៈ និង​មានបេក្ខជនជាច្រើនបានចូលរួម។ចំពោះម្ចាស់ជ័យលាភីនិមិត្តសញ្ញាបានទៅលើ លី គឹមអាន ភេទស្រី កើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៧ ដែលបច្ចុប្បន្ន​​រស់នៅរាជធានី​ភ្នំពេញបានលើកឡើងដែរថា «នាងខ្ញុំបានដាក់ពាក្យចូលរួមប្រឡងស្នាដៃនេះ កាលពីខែ​វិច្ឆិកា ឆ្នាំ២០១៩ ហើយចេះតែរង់ចាំការប្រកាសលទ្ធផល ហើយនៅពេលចេញលទ្ធផ​ល​ថានាងខ្ញុំបានជាប់ជាជ័យលាភីនេះ នាងខ្ញុំពិតជារំភើបចិត្តជាខ្លាំង។ មុនពេលប្រកាសជ័យ​លាភី នាងខ្ញុំគិតថា មិនអាចឈ្នះទេ ដោយសារការចូលរួមប្រឡងស្នាដៃនេះ​មានបេក្ខជន​ច្រើនទូទាំងប្រទេស។ នាងខ្ញុំបានដាក់ប្រឡងស្នាដៃទាំងពីរ គឺ Logo និង Mascot ប៉ុន្តែ នាងខ្ញុំបានឈ្នះ Mascot»។ ជាមួយគ្នានោះ ម្ចាស់ជ័យលាភីរូបនេះបានប្តេជ្ញាចិត្តថា នឹង​ប្រឹង​ប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ បេក្ខជនជ័យលាភីទាំងពីររូបលើស្នាដៃ Logo និង Mascot ទទួលបានប្រាក់រង្វាន់លើក​ទឹក​ចិត្ត​ក្នុងម្នាក់ៗ ២០លានរៀល ហើយទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុឆន្ទៈ “Good Will Games Ambassador” SEA Games 2020, ទទួល បានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និង​ពិធី​​​បើក-បិទ SEA Games 2020 ព្រមទាំងបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy ផងដែរ។

ក្នុងពិធីរាប់ថយក្រោយ១,០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះ​ដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន CAMSOC បានមានប្រសាសន៍ថា «នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល CAMSOC បានរៀបចំពិធីរាប់ថយក្រោយ ១,០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ យើងនៅសល់តែ១,០០០ថ្ងៃតែ ប៉ុណ្ណោះ ដែលកម្ពុជាកំពុងរៀបចំនូវដំណើរការជាបន្ត​បន្ទាប់​​ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣”។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា​ចំនួន១,០០០ថ្ងៃ គឺជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងការត្រៀមខ្លួនរបស់គណៈកម្មការ​ជំនាញ និងភាគីពាក់ព័ន្ធ។ សម្ដេចពិជ័យសេនាបន្ដថា CAMSOC កំពុងធ្វើដំណើរដោយ​ស្វាហាប់ ក្នុងការបង្កើនគុណភាពបច្ចេកទេសឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុង​ឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ដើម្បីជំរុញល្បឿនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានកាន់តែជ្រួតជ្រាប និងទូលំទូលាយថែមទៀត សម្តេចពិជ័យសេនាបានស្នើដល់អភិបាលរាជធានី-ខេត្ត​ទាំងអស់ ដែលជាអនុប្រធាន CAMSOC ស្តីពីការចូលរួមការពារកម្មសិទ្ធិបញ្ញា ស្លាកសញ្ញា និមិត្តសញ្ញារូបសត្វតំណាង ដែលជាទ្រព្យសម្បត្តិរបស់ CAMSOC ដែលមិនអាចឱ្យជនណា ឬក្រុមណាមួយអាចយកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតនោះឡើយ។ សម្តេច​ប្រធាន CAMSOC ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឱ្យឯកឧត្តម លោកជំទាវ ដែលជាអភិបាល​រាជធានី-ខេត្តទាំងអស់ ដែលជាអនុប្រធាន CAMSOC ត្រូវចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញា និមិត្តសញ្ញាផ្សព្វផ្សាយការយល់ដឹងពីការរៀបចំស៊ីហ្គេមរបស់កម្ពុជាជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយភ្ជាប់ជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជា​ស្អាត និងបដិសណ្ឋាកិច្ចល្អ កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរ។

ចំពោះអនុសាសន៍ណែនាំរបស់សម្តេចប្រធាន CAMSOC រួមមាន៖ ទី១ ចូលរួម​ថែរក្សា​ការពារកម្មសិទ្ធិបញ្ញាស្លាកសញ្ញា និមិត្តសញ្ញា។ ទី២ សហការជាមួយអគ្គលេខាធិ​ការដ្ឋាន យកស្លាកសញ្ញា និមិត្តសញ្ញាទៅរៀបចំបោះពុម្ពផ្សាយ ក្នុងដែនសមត្ថកិច្ចរបស់​ខ្លួនដោយភ្ជាប់ជាមួយនូវខ្លឹមសារនៃបាវចនា កីឡារស់ក្នុងសន្តិភាព និងខ្លឹមសារ «យុទ្ធនា​ការប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ កាត់បន្ថយគ្រឿង​ញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរ»។ ទី៣-អាជ្ញាធររាជធានី-ខេត្ត រៀបចំធ្វើស្លាកប៉ាណូ​ធំៗនូវ​ស្លាកសញ្ញា និមិត្តសញ្ញា នៅតាមសួនសាធារណៈយ៉ាងហោចណាស់ឱ្យបានមួយ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចប្រធានក៏បានឱ្យបោះពុម្ពនូវស្លាកសញ្ញា​នៅកន្លែងហ្វឹកហាត់នៃក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា ដើម្បីជំរុញចិត្តសាស្ត្រកីឡា​      រ​បស់​ក្រុមអត្តពលិកជម្រើសជាតិឆ្ពោះទៅដណ្តើមភាពជោគជ័យជាប្រវត្តិសាស្រ្តក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ នាឆ្នាំ២០២៣។

ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយ​ចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើក​ជាផ្លូវ​ការ មានចំនួន១,០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់​ផ្ទះព្រឹត្តិការណ៍កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់​ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ប្រកបដោយស្នាមញញឹម និងភាពជឿជាក់ថា «កម្ពុជាកំពុង​បោះជំហានប្រកបដោយទំនុកចិត្តខ្ពស់ និងក្តីសង្ឃឹមបំផុត ក្នុងដំណើរឆ្ពោះទៅទទួលរៀប​ចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា នេះគឺជាការបោះជំហានរបស់កម្ពុជានៃដំណាក់កាលនីមួយៗប្រកប​ដោយទំនុក​ចិត្តខ្ពស់ ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ អង្គទូតនៃ​បណ្តាប្រទេសអាស៊ានជាសមាជិកស៊ីហ្គេម។ ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ព្រឹត្ដិការណ៍នេះក៏ជាសារដ៏សំខាន់មួយ ក្នុងការចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់ ជាពិសេសគឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ឱ្យត្រៀមខ្លួនក្នុង​ការពង្រឹង​សមត្ថភាពគ្រប់គ្រងដឹកនាំ ក្នុងឋានៈជាម្ចាស់ផ្ទះថាកម្ពុជាកំពុងបោះជំហានទៅមុខប្រកប​ដោយទំនុកចិត្ត ស្វាហាប់នៃដំណាក់កាលនីមួយៗ។ “យើងបានបំពេញកាតព្វកិច្ច ក្នុង​នាមជាម្ចាស់ផ្ទះ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃ​ថ្នូរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់មាន​ប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះធ្វើយ៉ាងណាឱ្យការទទួលធ្វើម្ចាស់ផ្ទះនេះ ទទួលបាន​កិត្តិយស សេចក្តីថ្លៃថ្នូរ និងទទួលបានការកោតសរសើរពីអ្នកចូលរួម”។​នេះជាការបញ្ជាក់​បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។

ចាប់ពីពេលនេះតទៅ វាគឺជាពេលវេលាដ៏សំខាន់ សម្រាប់អ្នកជំនាញ កីឡាករ កីឡាការិនី សហព័ន្ធកីឡាជាតិនានា ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចសហការ​គ្នាបន្ត​ការងារឱ្យបានគ្រប់ជ្រុងជ្រោយ។ គ្រប់ដំណាក់កាលនីមួយៗថ្នាក់ដឹកនាំតែងតែដាក់ការ​ដាស់ស្មារតីឱ្យយើងទាំងអស់គ្នាដឹងច្បាស់ថា នេះជាពេលវេលាឆ្ពោះទៅព្រឹត្តិការណ៍ផ្លូវការ នាឆ្នាំ២០២៣ ហើយក៏ជាស្តង់ដារ ឬជាយន្តការនៃនីតិវិធីរបស់អន្តរជាតិ ក៏គេបានប្រារព្ធពិធី​បែប​នេះដូចគ្នាផងដែរ។ លើសពីនេះទៀត CAMSOC មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន គឺស្លាក​សញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) សម្រាប់ការផ្សព្វផ្សាយ ដូច្នេះមរតកនេះ គឺជាការ​ចេញដំណើរផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជន​ពិការ) លើកទី១២ ឆ្នាំ២០២៣ ទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់។ នៅឆ្នាំ២០២១ កម្ពុជាមាន​កម្មវិធីជាច្រើនទៀត ជាពិសេសគឺការសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជា​ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ក្នុងការបម្រើដល់ការប្រកួតកីឡាថា កម្ពុជាបានត្រៀម​ខ្លួនរួច​រាល់។ បើកាលណាហេដ្ឋារចនាសម្ព័ន្ធកីឡារួចរាល់ គឺអ្វីៗក៏រួចរាល់ដូចគ្នាផងដែរ ដែលនេះ​គឺជាគោលដៅធំនៃផែនការមេ ស៊ីហ្គេម ២០២៣។ ចពោះកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិ​មរតក​តេជោនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ តាមការ​គ្រោងទុក។ នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្តម វ៉ាត់ ចំរើន។

នៅក្នុងដំណើរនៃការធ្វើសកម្មភាពគ្រប់ទម្រង់ទាំងអស់ប្រកបដោយទំនុកចិត្តខ្ពស់នេះ គណៈកម្មាធិការជាតិ CASMCO មានគណៈកម្មការជំនាញរបស់ខ្លួនចំនួន១៤ ដើម្បី​បែងចែកនូវតួនាទីភារកិច្ចរបស់ខ្លួន ដែលក្នុងនោះ គណៈកម្មការជំនាញពត៌មាន និងផ្សព្វ​ផ្សាយក៏មានភារកិច្ចយ៉ាងច្រើនផងដែរ ដោយអគ្គនាយកដ្ឋាននានា នៃក្រសួងព័ត៌មាន​មានតួនាទីភារកិច្ចផ្សព្វផ្សាយការយល់ដឹងពីគ្រប់សកម្មភាពការងារផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យឈ្វេងយល់ពីកាតព្វកិច្ចរបស់ខ្លួន នៅក្នុងនាមជាប្រជាពលរដ្ឋ​ម្ចាស់​ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣។ តែអ្វីជាយុទ្ធសាស្ត្ររបស់កម្ពុជា គឺការកំណត់យកការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺជាការកំណត់យុទ្ធសាស្ត្រចុង​ក្រោយ មុនឈានដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងត្រូវ ជ្រើសរើស​ថា តើប្រភេទកីឡាណាខ្លះមានសក្តានុពល ក្នុងការឈានទៅប្រជែងមេដាយ។ នៅក្នុង​ពិធីបិទ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ កម្ពុជា នឹងទទួលទង់ សម្រាប់ការរៀបចំបន្ត។

សូមរម្លឹកផងដែរថា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើមបានមេដាយ មាស៤វិញ្ញាសា ប្រាក់៦វិញ្ញាសា និងសំរឹទ្ធិ៣៦វិញ្ញាសា សរុប ៤៦វិញ្ញាសា ដោយកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម១១ប្រទេស។ ចំនួន​មេដាយនេះបានកើនឡើងច្រើនឡើងជាងស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ដែលបានឈ្នះមេដាយមាស ៣ ប្រាក់២ និងសំរឹទ្ធិ១២ សរុប១៧គ្រឿង ប៉ុន្តែរក្សាខ្លួននៅចំណាត់ថ្នាក់លេខ៨ដូចគ្នា ស៊ីហ្គេម ២០១៩ ដែរ៕ ដោយ៖ហេង ណាលីន