អាជ្ញាធររាជធានីភ្នំពេញ បន្តកាយសំរាមចេញពីប្រឡាយមុខស្ថានីយបូមទឹកបឹងត្របែក ដើម្បីបើកមុខទឹកឱ្យហូរបានលឿន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០–

អង្គភាពលូទឹក និងបូមទឹក មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងចក្រកាយ និងកើបដឹកសំរាមជាច្រើនចេញ ពីប្រឡាយបឹងត្របែក នៅមុខស្ថានីយដើម្បីបើកមុខទឹកឱ្យហូរបានលឿនចុះទៅស្ថានីយងាយស្រួលក្នុងការបូមទឹកចេញរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក និងបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ថា ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណ ការ ចុះកាយសំរាមនៅក្នុងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋយកសំរាមទៅបោះចោល ដោយមើលមិនឃើញទឹកក្នុងប្រឡាយនោះសោះ។ តែមកដល់ពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយសំរាម និងកើបដឹកចេញបានចំនួនធំហើយ ។ តែដោយសារកន្លងទៅនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យសំរាមហូរមកជាថ្មីបណ្ដាលឱ្យសំរាមកកស្ទះនៅក្នុងប្រឡាយបឹងត្របែកនេះចម្ងាយពី៥០ទៅ៧០ម៉ែត្រ មុខស្ថានីយទើបយើងចាប់ផ្ដើមកាយកើបដឹកចេញបន្តទៀត។

លោក ដួង ចាន់សារ៉ាត់ បានឱ្យដឹងទៀតថា សំរាមនៅក្នុងប្រឡាយបឹងត្របែកដែលប្រជាពលរដ្ឋយកទៅបោះចោលក្នុងប្រឡាយនោះកាលពីខែកក្កដា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាយប្រមូលសំរាមនៅប្រឡាយបឹងត្របែក បានចំនួន ១៥៤ឡានស្មើនឹងប្រមាណ ៥០ភាគរយ នៃសំរាមក្នុងប្រឡាយហើយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

លោកប្រធានអង្គភាពលូទឹក និងបូមទឹក បានបញ្ជាក់ដែរថា តាមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈពេល៣ខែធ្វើការកាយស្ដារ និងកើបសំរាមដឹកចេញម្ដង តែបើសំរាមច្រើនហើយកកស្ទះខ្លាំងយើងអាចធ្វើការកាយកើបដឹកចេញជាក់ស្ដែង មិនបាច់ចាំដល់ខែ ឬអាទិត្យនោះទេ ធ្វើយ៉ាងណាកុំឱ្យកកស្ទះទឹកត្រូវតែកាយភ្លាមដូចពេលនេះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់មានប្រសាសន៍ដឹងថា ប្រឡាយបឹងត្របែក ពិសេសនៅក្រោយស្ថានីយបឹងត្របែកត្រូវបងប្អូនប្រជាពលរដ្ឋយកសំរាមទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយ ទៅហើយ ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ត្រីជំនាញដាក់គ្រឿងចក្រចុះកាយភ្លាមៗតែម្តង ដើម្បីធ្វើយ៉ាងណាអាចបូមទឹកបានរំដោះការលិចលង់ ៕ដោយ៖សួស សំរិត