រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបកត់ត្រាអត្រានុកូលដ្ឋាន

AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០–

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋានសម្រាប់មន្រ្តីអនុវត្តន៍នៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃ៧កើត ខែភទ្របទ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីរាជការ លោកអធិការស្រុក មេប៉ុស្តិ៍រដ្ឋបាលនគរបាល មេឃុំ ចៅសង្កាត់ និងស្មៀនឃុំនៅទូទាំងខេត្ត ចូលរួមផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានសម្ដែងអំណគុណដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលដ៏មានតម្លៃចុះមកបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តីអត្រានុកូលដ្ឋាន ជាពិសេសមេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ សំដៅផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា គោលនយោបាយកំណែទម្រង់វិមជ្ឈការ សហវិមជ្ឈការ ដែលបានផ្ទេរមុខងារ ធនធានឱ្យថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ តាមរយៈការរៀបចំផែន ការអភិវឌ្ឍតាមថ្នាក់ក្រោមជាតិ ការរៀបចំវេទិកាសាធារណៈ ដើម្បីស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ការបង្កើតឱ្យមានអង្គភាព ការិយាល័យច្រកចេញ-ចូលតែមួយ ជាដើម ។

ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អភិបាលក្រុង ស្រុក ជាពិសេសមេឃុំ ចៅ សង្កាត់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ អត្រានុកូលដ្ឋានឱ្យបានល្អប្រសើរ ជំរុញការចុះបញ្ជីអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋាន បែបបទ និងនីតិវិធី សេចក្តីណែនាំស្តីពីអត្រានុកូលដ្ឋានដែលមានជាធរមាន ។ ជាមួយគ្នានេះសូមឱ្យសិក្ខាកាមទាំងអស់ ខិតខំត្រង់ត្រាប់ស្តាប់ និងលើកនូវចម្ងល់ សំណួរ បញ្ហាប្រឈម ដែលជួបប្រទះក្នុងពេលអនុវត្តន៍ជាក់ស្តែង ដើម្បីឱ្យគ្រូឧទ្ទេសបកស្រាយឱ្យបានច្បាស់ ក្នុងការយកទៅបំពេញការងារត្រឹមត្រូវតាមច្បាប់ និង នីតិវិធី ឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕ ដោយ៖ បៃ ស៊ីថុន