លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ រហូតមកទល់​ពេលនេះ ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩ ណាមួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ​

AKP ភ្នំពេញ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ —

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​អ្នកយក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៅ​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​នេះ​ថា មិនទាន់មាន​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩ ណាមួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ រហូតមកទល់​ពេលនេះ​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកយកព័ត៌មាន AKP ដែល​បាន​សួរថា តើ​រហូត​មកទល់ពេលនេះ មាន​វ៉ាក់សាំង​កូ​វីដ​-១៩ ណាមួយ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ឬ​នៅ​? លោកជំទាវ​វេជ្ជបណ្ឌិត បាន​គូសបញ្ជាក់​យ៉ាងខ្លី​ថា​៖ “​អង្គការ​សុខភាព​ពិភពលោក​ពុំទាន់​បានទទួល​ស្គាល់​ជា​ផ្លូវការ នូវ​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩​នៅឡើយ​ទេ​”​។​

​ដោយឡែក​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ​វេជ្ជបណ្ឌិត​ធ្លាប់បាន​អះអាងថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​សមាជិក​សម្ព័ន្ធភាព​អន្តរជាតិ​ចាក់​ថ្នាំ​បង្ការ (GAVI) ហើយ​ក្រសួងសុខាភិបាល​ក៏បាន​គិតគូរ​ក្នុង​ការស្នើ​សុំឱ្យ​មានការ​ផ្តល់​វ៉ាក់សាំង​ប្រកបដោយ​សមភាព​មក​ក​ម្ពុ​ជា​ផងដែរ ដែល​ហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ​ដែរ ក្នុងនោះ​ក្រសួងសុខាភិបាល​ក៏​បាននិងកំពុង​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ផងដែរ​។

​គួររម្លឹកថា កាលពីពេល​កន្លងទៅ​ថ្មីៗ​មាន ការផ្សព្វផ្សាយ​ថា ប្រទេស​ខ្លះ​បាន​រកឃើញ​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩ និង​បានធ្វើ​តេស្ត​ដោយ​ជោគជ័យ ប៉ុន្តែ​រហូតមកទល់​ពេលនេះ នៅតែ​ពុំទាន់​មានការ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នៅឡើយ​ពី​អង្គការ​សុខភាព​ពិភពលោក​៕ ដោយ ផែន រតនៈ​