សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតំបន់ដែលថាមានបញ្ហាបាត់ដី ក្រោយការបោះបង្គោលព្រំដែន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ក្រោយបញ្ចប់កិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ ឯកឧត្ដម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សា និងផ្ដល់យោបល់ បានថ្លែងថា សម្ដេចតេជោបានបញ្ជាឱ្យឯកឧត្ដម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ត្រូវចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតំបន់ដែលគាត់ថាមានបញ្ហាបាត់ដី ដូចជានៅខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ក្រោយការបោះបង្គោលព្រំដែន ថាតើមានការបាត់ដីមែនឬយ៉ាងណា ឬក៏ជាចាញ់ការញ៉ុះញុងរបស់គេ ឬក៏បង្កើតនូវបញ្ហាដើម្បីមួលបង្កាច់ក្នុងន័យផ្ដួលរំលំរាជរដ្ឋាភិបាល ឬយ៉ាងណានោះ។

ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ បានបើប្រារព្ធធ្វើឡើងនាព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូនៃគណបក្សនយោបាយជាសមាជិក បានត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ-១៩ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រតិភូគណបក្សនយោបាយ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមជាមតិយោបល់ជុំវិញបញ្ហាកូវីដ–១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ឆ្លើយតប រួមទាំងបញ្ហាផ្សេងៗ ដែលជាដំណោះស្រាយបញ្ហាសេដ្ឋកិច្ច-សង្គម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហារួមរបស់សកលលោក។ សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ប្រាប់ទៅប្រតិភូបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា សម្តេចចង់ឱ្យតំណាងប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិទៅលើបញ្ហាការដោះស្រាយរបស់រាជរដ្ឋាភិបាល ទៅលើបញ្ហាកូវីដ-១៩នេះ ថាតើ បានដោះស្រាយសមស្រប ឬនៅ តើនៅមានអ្វីទៀតជាចន្លោះប្រហោង។ កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ បានផ្តល់ឱកាសឱ្យប្រធានប្រតិភូគណបក្សនីមួយៗ ម្នាក់ៗបានចូលរួមទស្សនទាន ចំនួន១០នាទី នៃការផ្តល់ធាតុចូល ក្នុងន័យស្ថាបនា អំពីបរិបទ បច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ ឬភស្តុតាង តាមរយៈបេសកកម្មការងារបន្ថែម ជាមួយ នឹងការប្រឈមនឹងកូវីដ-១៩។ ទាក់ទងទៅនឹងបញ្ហាព្រំដែន នៅក្នុកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យ ឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី រៀបចំវេទិកាសាធារណៈ ដើម្បីពន្យល់ប្រជាពលរដ្ឋ ដែលចង់ដឹងអំពីផែនទី និងការ បោះបង្គោលព្រំដែន និងសួរអំពីរឿងព្រំដែនផងដែរ។

គួរបញ្ជាក់ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕

ដោយ ជឹម ណារី