សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញអាជ្ញាធរមូលដ្ឋានលើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

AKP ត្បូងឃ្មុំ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។នៅក្នុងឱកាសសម្តេចប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ការងារអត្រានុកូលដ្ឋាន និងបន្តអនុវត្តន៍ឱ្យបានល្អនូវគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ។ ជាពិសេសការចូលរួមអនុវត្តន៍ និងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធ ភាពខ្ពស់។ សម្តេចបានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ច និងសង្គមដល់មនុស្សជាតិ និងបានធ្វើឱ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។

សម្តេចបានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ -១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម២ឆ្នាំ និងវិធានការអន្តរាគមន៍ ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់ រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។សម្តេចអគ្គមហាពញាចក្រី បញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរអាម៉េរិក ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះឡើយ។ សម្តេចប្រធានរដ្ឋសភា ជម្រាបជូនថា នៅក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី រាជរដ្ឋាភិបាលខិតខំដោះស្រាយបញ្ហាជូនប្រជាពល រដ្ឋ និងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចបានស្នើដល់មន្រ្តីរាជការទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួនជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ ការផ្តល់ថវិកាជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។ សម្តេចក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមចំណែកខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ ដែលជាយន្តការរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅក្នុងពេលរាតត្បាតជំងឺកូវីដ-១៩នេះ និងបង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ ៕ ដោយ៖ប៉ាល់ សុង