ក្រុមហ៊ុនសារ៉ាវ៉ាន់ បានចុះកិច្ចសន្យាទិញស្រូវធម្មជាតិមិនប្រើសារធាតុគីមី ជាប្រភេទស្រូវផ្ការំដួល ពីសហគមន៍អភិវឌ្ឍន៍កសិកម្មតស៊ូសែនជ័យ ក្នុងស្រុកជ័យសែន

AKP ព្រះវិហារ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០–

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទខេត្តព្រះវិហារ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចសន្យា ទិញស្រូវធម្មជាតិមិនប្រើសារធាតុគីមី ជាប្រភេទស្រូវផ្ការំដួល ពីសហគមន៍អភិវឌ្ឍន៍កសិកម្មតស៊ូសែនជ័យ ក្នុងស្រុក ជ័យសែន ខេត្តព្រះវិហារនិងក្រុមហ៊ុន សារ៉ាវ៉ាន់ ដែលមានទីតាំងក្នុងភូមិសាស្ដ្រស្រុកសន្ទុក ខេត្តកំពង់ធំ លើបរិមាណជាង២០០តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារ ប្រទេសវៀតណាម។

ពិធីនេះមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញក្រោមឱវាទមន្ទីរ តំណាងរោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់ និងថ្នាក់ដឹកនាំសហគមន៍ កសិកម្មតស៊ូសែនជ័យ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ (PMAC) ជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។

លោក លី សុជាតិ តំណាងក្រុមហ៊ុនសារ៉ាវ៉ាន់ បានលើកឡើងថា ដោយសារតែខេត្តព្រះវិហារ ពោរពេញទៅដោយសក្ដានុពលផ្នែកកសិកម្ម និងមានលក្ខណៈសរីរាង្គ ទើបលោក សម្រេចចិត្តចូលរួមវិនិយោគជាមួយកសិករនៅខេត្តព្រះវិហារ ក្នុងការទទួលទិញស្រូវប្រភេទ ផ្ការំដួលធម្មជាតិ ដែលមិនប្រើសារធាតុគីមី។ ជំហានទី១នេះគឺចុះកិច្ចសន្យាទទួលទិញតែជាង ២០០តោនប៉ុណ្ណោះ តែនៅឆ្នាំក្រោយៗទៀត បរិមាណនៃការប្រមូលទិញនឹងកើនឡើងជាបន្ដ បន្ទាប់។ លោកបានបន្តថា លោកនឹងខិតខំព្យាយាមបន្ដទៅទៀត ក្នុងការរកទីផ្សារក្រៅស្រុកដែលមានតម្លៃខ្ពស់ ដើម្បីដំឡើងតម្លៃស្រូវបន្ថែម ជូនដល់កសិករនៅខេត្តព្រះវិហារ។


លោក នួន ដេ តំណាងសហគមន៍អភិវឌ្ឍន៍កសិកម្មតស៊ូសែនជ័យ ក៏បានប្ដេជ្ញាថា នឹងសហការជាមួយសមាជិកសហគមន៍ទាំងអស់ ដើម្បីផលិតស្រូវផ្ការំដួលដែលមិនប្រើសារធាតុគីមីលក់ជូនក្រុមហ៊ុនឱ្យបានគ្រប់ផែនការដែលបានចុះកិច្ចសន្យា។ ក្រៅពីនេះទៀតនឹងខិតខំព្យាយាមឱ្យដំណើរការកិច្ចសន្យានេះប្រកបដោយប្រសិទ្ធភាព គុណភាព និងមាននិរន្ដរភាព។

លោកពឹង ទ្រីដា បានថ្លែងថា កិច្ចសន្យាផលិតកម្មកសិកម្ម គឺជាយន្តការដ៏មានប្រសិទ្ធ ភាពមួយ ដែលត្រូវបានអនុវត្តន៍ដោយភាគីអ្នកផលិត និងភាគីអ្នកទិញ ក្នុងន័យដើម្បីធានាបាននូវទីផ្សារ និងស្ថិរភាពតម្លៃស្រូវសម្រាប់ប្រជាកសិករ។ ជាក់ស្ដែងថ្ងៃនេះក្នុងក្របខ័ណ្ឌកសិ កម្ម តាមកិច្ចសន្យា ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់គ្រប់ភាគី។ ដូចនេះដើម្បីឱ្យ ការអនុវត្តទៅប្រកបដោយប្រសិទ្ធភាពនិងចីរភាពនោះ គ្រប់ភាគីទាំងអ្នកផលិត និងអ្នកប្រមូលទិញ ធ្វើយ៉ាងណាត្រូវបង្កើននូវទំនុកចិត្ត មានភាពស្មោះត្រង់និងគ្នា និងគោរពទៅតាមគោល ការណ៍កិច្ចសន្យាដែលបានកំណត់។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ទៀតថា សហគមន៍អភិវឌ្ឍន៍កសិកម្មតស៊ូសែនជ័យបាន ចាប់បដិសន្ធិឡើងក្នុងឆ្នាំ២០១២ ហើយបច្ចុប្បន្នសហគមន៍ មានសមាជិកសរុប២៨១នាក់ និងមានដើមទុនសរុបជាង ៣០០លានរៀល មានអាសយដ្ឋាននៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាសហគមន៍កសិកម្មដែលបានជាប់ចំណាត់ថ្នាក់ ជាសហគមន៍កសិកម្ម ឆ្នើមលេខ១ ទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០នេះ ៕ ដោយ ទិត ស្រ៊