វេទិកា​យុវជន​ជជែក​ពិភាក្សា អំពី​បរិស្ថាន បានចាប់ផ្តើម​ដំណើរការ​ជាថ្មី​មួយទៀត ក្នុង​ឆ្នាំ​២០២០ នៅ​ខេត្តស្ទឹងត្រែង​

AKP ស្ទឹងត្រែង ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០
​ ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន បានចាប់ផ្តើម​ដំណើរការ​ជាថ្មី​មួយទៀត ក្នុង​ឆ្នាំ​២០២០ នៅ​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ “​ការគ្រប់គ្រង​ធនធានធម្មជាតិ ជា​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​”​។ ពិធី​នេះ អញ្ជើញ ចូលរួម​ពី​សំណាក់ ឯកឧត្តម ផៃ ប៊ុន ឈឿន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ម៉ុម សារឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង និង​មានការ​ចូលរួម​ផងដែរ​ពី​ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ព័ត៌មាន​បរិស្ថាន តំណាង​រដ្ឋបាល ខេត្តស្ទឹងត្រែង លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ក្នុង​ខេត្តស្ទឹងត្រែង​។

​ឯកឧត្តម ជួប ប៉ារីស៍ មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន តែងតែ​រៀបចំ​វេទិកា​ជជែក​ពិភាក្សា​អំពី បរិស្ថាន​នេះ​ឡើង​នៅ រាជធានី ភ្នំពេញ ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​មកពី​បណ្តា​សកល​វិទ្យាល័យ​នានា បញ្ចេញ សមត្ថភាព សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​ចំណេះដឹង បទពិសោធន៍​ថ្មីៗ តាមបែប​វិទ្យាសាស្ត្រ និង​ចែករំលែក​នូវ​ចំណេះ ដឹង​ទាំងនោះ​ទៅដល់​សាធារណជន​ទូទៅ ឱ្យ​យល់ដឹង​អំពី​សារៈ សំខាន់​នៃ​បរិស្ថាន សំដៅ​ចូលរួម​អនុវត្តន៍​ទាំងអស់គ្នា​ជាមួយ​រាជ រដ្ឋាភិបាល​ក្នុង​គោលដៅ ថែរ​រក្សាបាន​នូវ​ការការពារ និង​អភិរក្ស​បរិស្ថាន ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​។​
​ឆ្នាំនេះ គឺជា​វេទិកា​លើក​ទី​៤០​ហើយ សម្រាប់​ការរៀបចំ​វេទិកា​យុវជន​ជជែក​ពិភាក្សា អំពី​បរិស្ថាន ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន ហើយ​ឆ្នាំនេះ​ក៏​ជា​លើក​ទី​២​ហើយ ដែល​ក្រសួងបរិស្ថាន បានរៀបចំ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន កម្រិត​វិទ្យាល័យ នៅតាម​បណ្តា​រាជធានី​/​ខេត្ត ក្នុង​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស​ស្ស នៅតាម​បណ្តា​ខេត្ត បាន​សិក្សា​ឈ្វេងយល់​បន្ថែម​អំពី​បញ្ហា​បរិស្ថាន និង​ចូលរួម ចែករំលែក​ចំណេះដឹង​ទាំងនោះ​ទៅដល់​សហគមន៍​របស់​ខ្លួន ហើយ​លើសពីនោះ​ទៀត គឺ​ការផ្តល់​ឱកាស​សម្រាប់​ការចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ជាក់​ស្តែ​នៅ​តំបន់​គម្រោង​។

​​ឯកឧត្តម ម៉ុម សារឿន ក្នុងនាម​រដ្ឋបាល​ដែនដី​ខេត្តស្ទឹងត្រែង សូម​ស្វាគមន៍ នូវ​កិច្ចសហការ​ពី​ក្រសួងបរិស្ថាន ក៏​ដូច​អង្គការ​ដៃគូ​ពាក់​ព​ន្ធ័​នានា​។ ឯកឧត្តម​បាន ផ្តាំផ្ញើ​សិស្សានុសិស្ស​យកចិត្តទុកដាក់​ត្រងត្រាប់ សិក្សា​ស្រាវជ្រាវ យក​បទពិសោធន៍​ល្អ ដើម្បី​ឈានទៅរក​ការប្រកួត​យក​ជ័យលាភី នាពេលខាងមុខ​។​
​ ​ក្នុងឱកាស​នោះ ឯកឧត្តម ផៃ ប៊ុន​ឈឿន មាន ប្រសាសន៍​ថ្លែង​អំណរ គុណ ដល់​គម្រោង USAID ព្រៃ​ឡង់​បៃតង ដែល​បាន​គាំទ្រ ជួយ​សម្រួល និង​ផ្តល់ឱកាស ដល់​ប្អូនៗ​សិស្សានុសិស្ស លើ​ការសិក្សា ស្រាវជ្រាវ​អំពី​ធនធាន​ជីវៈ ចម្រុះ​ក្នុង​តំបន់​នេះ​ផ្ទាល់ សំដៅ​ចូលរួមចំណែក​ក្នុង​កិច្ច​គាំពារ និង​អភិរក្ស​ជីវៈចម្រុះ​ក៏ដូចជា​ការ ប្រមូល ធាតុ​ចូល សំខាន់ៗ​សម្រាប់​ការសិក្សា​ឈ្វេងយល់​របស់​ប្អូនៗ ក្នុងការ​ប្រកួត ប្រជែង​នាពេលខាងមុខ ។
​ ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បញ្ជាក់ថា វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​២០២០ នេះ គឺមាន​លក្ខណៈពិសេស​ជាង​ការប្រកួតប្រជែង​ឆ្នាំកន្លងមក ដោយ​បេក្ខជន ដែល​ចូល រួម​ប្រកួតប្រជែង អាចធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ជាក់ ស្តែង​ដែល​កំពុង តែ​កើតមាន ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​ផ្តោតលើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ការប្រែប្រួល អាកាសធាតុ និង​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន​ជាដើម​។
​ ​ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស ខិតខំ​យកចិត្តទុកដាក់​ចូលរួម ក្នុង​វេទិកា នេះ ដែល​នឹង​ផ្តល់​សារ​អប់រំ​ដល់​សារ​ធា​រណ​ជន​ទូទៅ​យល់ដឹង​ពី​អត្ថប្រយោជន៍ នៃ​ជីវៈចម្រុះ និង​ជម្រើស​មុខរបរ​សម្រាប់​ប្រជា​សហគមន៍ ដើម្បី​ឈានទៅរក​ការកែ ប្រែ​ឥរិយាបថ របស់​បុគ្គល និង​អភិវឌ្ឍន៍​ទង្វើ​ប្រកបដោយ​សីលធម៌​សំដៅ​ចូលរួម យ៉ាងសកម្ម ក្នុងការ​ការពារ និង​អភិរក្ស​ជីវៈចម្រុះ​ឱ្យបាន​ស្ថិតស្ថេរ​សម្រាប់​ជា​ប្រយោជន៍ ដល់​មនុស្ស​គ្រប់​ជំនាន់​។​
​ ​សូមបញ្ជាក់ថា សម្រាប់​វគ្គ​ប្រកួត​ដំបូង​នឹងមាន​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន​ពីរ ក្នុង​មួយ​ខេត្ត​គឺ វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច និង​វិទ្យាល័យ ហ៊ុនសែន ដើម្បី​ប្រកួត​យក លេខ​១​ត្រៀម​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខេត្តព្រះវិហារ​។ រីឯ​ប្រធានបទ​សម្រាប់​ការជជែក ពិភាក្សា សម្រាប់​វេទិកា​ទាំងមូល​គឺ​ផ្តោតទៅលើ ការគ្រប់គ្រង​ព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។

​​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​វេទិកា​ឆ្នាំនេះ កម្មវិធី​ក៏​នឹងមាន​រៀបចំ​ដំណើរ​ទស្សន កិច្ច​សិក្សា​ស្វែងយល់​បទពិសោធន៍ និង​ការអនុវត្ត​ជាក់ស្តែង​នៅ​តំបន់​គម្រោង​ព្រៃ​ឡង់ ស្ថិតនៅ ខេត្តព្រះវិហារ សម្រាប់​សិស្សានុសិស្ស​ដែលជា​បេក្ខជន​ប្រកួត​ទាំងអស់ រួមជាមួយ​ក្រុម យុវជន​ជ័យលាភី​លេខ​១​ប្រចាំឆ្នាំ​២០១៩ ផងដែរ មុននឹង​បេក្ខជន​ទាំងនោះ​ចាប់ផ្តើម​ប្រកួត ជជែក​ពិភាក្សា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕ ដោយ សួស សំរិត​