ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២០

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វ ផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

លោកស្រី អ៊ាង សារិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ បាន បញ្ជាក់ថា  ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចពន្យារ ពេលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ២០២០ មកអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ វិញ តាមសេចក្តីសម្រេចលេខ ០៤៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ក្នុងនោះដែរការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដែល ត្រូវចាប់អនុវត្តន៍ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក៏ត្រូវបានពន្យារ ពេលនៅ តាមឃុំ សង្កាត់ទាំងអស់ ទូទាំងប្រទេសមកអនុវត្តន៍ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០វិញដែរ។

លោកស្រីប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះមានការិយាល័យបោះឆ្នោតក្នុងឆ្នាំ២០១៩ ចំនួន៥៧១ការិយាល័យ និងប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មានចំនួន ១៩៥២០២នាក់។

លោកស្រីបានឱ្យដឹងទៀតថា យោងតាមលទ្ធផលនៃការស្រង់ស្ថិតិប្រជា ពលរដ្ឋប៉ាន់ស្មាន ដែលផ្ដល់ដោយអាជ្ញាធរឃុំសង្កាត់ទាំង៤៧ ក្នុងខេត្តក្រចេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ គឺប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានចំនួន ២៤៤៣៨៣នាក់ ក្នុងនោះស្រីចំនួន ១២៥០៧៤ នាក់។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតទាំងចាស់ ទាំងថ្មី និងការផ្សព្វផ្សាយអំពីការចុះ ឈ្មោះបោះឆ្នោត និងមានវិធានការឱ្យបានល្អ។ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងបរិយាកាសពេលចុះឈ្មោះ និងពិនិត្យអ្នកបោះឆ្នោត។

ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល គ្រប់គណបក្ស នយោបាយទាំងអស់ដែលមាននៅក្នុងខេត្តត្រូវចូលរួម គ្រប់សកម្មភាពដើម្បីឱ្យការចុះឈ្មោះ និងពិនិត្យឈ្មោះអ្នកបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព សុក្រឹតភាព និងយុត្តិធម៌៕

ដោយ ជួន សុជាតិ